(កណ្តាល)៖ បន្ទាប់ពីមានព័ត៌មានមួយចំនួនបានចេញផ្សាយថា «លោកអធិការស្រុកកោះធំ ត្រូវបានដកតំណែង ក្រោយចាប់ទូកយួនល្មើសច្បាប់» នោះ, នៅរសៀលថ្ងៃទី០៣ ខែតុលានេះ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានចេញមកបញ្ជាក់ការពិតអង្គភាព Fresh News ឲ្យដឹងថា មិនមានការដកតំណែងលោក ឈឿន ប៊ុនឆន អធិការស្រុកកោះធំនោះទេ ហើយលោកបានអះអាងថា ព័ត៌មានទាំងនោះគឺជាការញុះញង់ និងបំភ្លើសការពិត។

លោកអភិបាលខេត្តកណ្តាលរូបនោះ បានបន្តអះអាងថា ការងារចុះបង្រ្កាបទូកនេសាទល្មើសច្បាប់នាពេលកន្លងមក គឺរូបគាត់ជាបញ្ជាឲ្យធ្វើការបង្រ្កាប ដូច្នេះមានតែការលើកទឹកចិត្តគាត់វិញ ព្រោះការងារល្អ។ ហើយការលេចចេញព័ត៌មានបែបនេះធ្វើឡើងដោយមានការប្រណែនឈ្នានីសរូបគាត់(អធិការស្រុកកោះធំ) តែប៉ុណ្ណោះ, លោកអភិបាលសូមបដិសេធទាំងស្រុង។

ការចេញមុខមកបដិសេធទាំងស្រុងបែបនេះរបស់លោកអភិបាលខេត្តកណ្តាល ធ្វើឡើងបន្ទាប់ពីវិទ្យុ ABC និងបណ្តាញសង្គមមួយចំនួន ចេញផ្សាយថា «ត្រូវថ្នាក់លើដកហូតមុខតំណែង ព្រោះបង្រ្កាបទូកវៀតណាមល្មើសច្បាប់»

សូមជំរាបថា លោក ឈឿន ប៊ុនឆន អធិការស្រុកកោះធំ បានឆក់យកបេះដូងប្រជាពលរដ្ឋក្នុងស្រុកកោះធំ ក៍ដូចជា ឆក់យកបេះដូងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ឲ្យគាំទ្រច្រើន ដោយសារតែរូបលោកក្លាហានហ៊ានចាប់ឃាត់ជនជាតិយួនខុសច្បាប់ និងបទល្មើសនេសាទដែលបង្កឡើងដោយ យួនខុសច្បាប់យ៉ាងសស្រាក់សស្រាំ៕