(សៀមរាប)៖ លោកឧញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងក្រុមការងារជាច្រើននាក់ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦នេះ បាននាំយកថវិកា និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ជូនដល់គ្រួសារសពទាំង៤នាក់ ដែលបានលិចទូក នៅថ្ងៃទី២ ម្សិលមិញ និងដើម្បីចូលរួមរំលែកមរណទុក្ខ ជាមួយគ្រួសារសពផងដែរ។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ ម្សិលម៉ិញ មានមនុស្សប្រុសស្រី ក្មេងចាស់ចំនួន ៤នាក់ បានស្លាប់ ខណៈកំពុងជិះទូកទៅច្រូតស្មៅគោ និងបេះផ្កាឈូកនៅវាលស្រែ, លុះដល់ពេលត្រឡប់មកផ្ទះវិញត្រូវបានលិចទូក បណ្ដាលឲ្យស្លាប់មនុស្សចំនួន ៤នាក់ និង២នាក់ទៀត បានរួចផុតពីសេចក្តីស្លាប់ ភ្លាមនោះ កូនប្រុសរបស់ជនរងគ្រោះម្នាក់ បានហែលទឹកទៅ ហៅប្រជាពលរដ្ឋ នៅក្នុងភូមិឲ្យទៅជួយសង្គ្រោះ ហើយប្រជាពលរដ្ឋបានទៅជួយភ្លាមៗផងដែរ តែអកុសលទាំងជីតា ក្មួយ និងចៅ ៤នាក់ បានលងទឹកស្លាប់បាត់ទៅហើយ នៅសល់តែប្រពន្ធ ជនរងគ្រោះដែលបានតោងទូកជាប់។

បន្ទាប់ពីទទួលបានដំណឹងនេះ លោកឧកញ៉ា សៀង ណាំ និងក្រុមការងារ រួមនិងអាជ្ញាធរស្រុក ឃុំ បានទៅចូលរួមរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារសព ក្នុងនោះលោកឧកញ៉ា និងក្រុមការងារ បានជួយឧបត្តម្ភពិធីបុណ្យសព​ រួមមាន៖ អង្ករ ២០០គីឡូក្រាម​ ទឹកក្រូចដប១០យួរ​ ទឹកសុទ្ធ​៥០​យួរ​ មី៤​កេស​ និង​ថវិកា​១,២៨០ដុល្លារ។​

តាមប្រភពពីមន្រ្តីនគរបានមូលដ្ឋាន បានឲ្យអង្គភាព Fresh News ដឹងថា ករណីនេះកើតឡើងនៅចំណុចអូរធំ ខាងក្រោយវត្តក្រឡាញ់ ស្ថិតក្នុងភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦។

លោកវរសេនីយ៍ត្រី ជី បេងជន អធិការនគរបាលស្តីទីស្រុកក្រឡាញ់ បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការនោះមាន៖ ១.ឈ្មោះ ឡិន ផាន់ ភេទប្រុស អាយុ៤២ឆ្នាំ, ២.ឈ្មោះ ម៉ក់ ស្រីភួង ភេទស្រី អាយុ១៦ឆ្នាំ, ៣.ឈ្មោះ លិន សូណា ភេទប្រុស អាយុ០៤ឆ្នាំ, ៤.ឈ្មោះ សំណាង វណ្ណៈ ភេទប្រុស អាយុ០២ឆ្នាំ។

បន្ទាប់ពីទទួលបានដំណឹងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ បានចុះទៅពិនិត្យសាកសព និងធ្វើកំណត់ហេតុរួចរាល់ និងបានប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យ តាមប្រពៃណី៕