(ភ្នំពេញ)៖ ថ្លែងឲ្យដឹងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា (CUS) នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋ មិនទាន់ចុះឈ្មោះបោះឆ្នោតអញ្ជើញទៅចុះឈ្មោះ បោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

សម្តេចតេជោ បានមានប្រសាសន៍ឲ្យដឹងថា «ខ្ញុំសូមអំពាវនាវ ឲ្យប្រជាពលរដ្ឋរបស់យើង ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងអំពាវនាវ និងជំរុញការបោះឆ្នោតដែលរហូតមកដល់ពេលនេះ បានជិត ៤លាននាក់ហើយ ដូចនេះ ខ្ញុំសូមអំំពាវនាវ ប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោត​ ទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា នេះជាការអំពាវនាវទី១របស់ខ្ញុំ »។

យោងតាមសេចក្តីប្រកាស របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះថា គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ មាន ប្រជាពលរដ្ឋខ្មែរ ចំនួន៤,០៧៤,២២៦នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។

សូមជម្រាបថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋដែលមាន អាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖