(កំពង់ធំ)៖ ក្មេងទំនើង៦នាក់ ក្នុងចំណោម២០នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៏ ធ្វើការឃាត់ខ្លួនហើយបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ បន្ទាប់ពីក្រុមក្មេងទំនើងទាំងនេះ បានបង្កការអុកឡុក នៅតាមផ្លូវសាធារណៈ និងបង្កឲ្យមានដល់សម្ភារៈរបស់ប្រជាពលរដ្ឋ នៅចំណុច​ភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦​កន្លងទៅថ្មីៗនេះ។

លោកវរៈសេនីយ៍ត្រី ប៊ុន ឃី ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឲ្យដឹងថា នៅវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៏ បានទទួលពាក្យបណ្តឹងតាមទូរស័ព្ទថា មានក្មេងទំនើងមួយក្រុមមានគ្នាប្រហែលជិត២០នាក់ ជិះម៉ូតូប្រហែល១០គ្រឿង បានជិះម៉ូតូជ្រែ ពេញផ្លូវ ហើយស្រែកហូរ កញ្ជ្រាវ ទ្រហឹងអឺងកង ហើយមិនតែប៉ុណ្ណេះពួកក្មេងទំនើងទាំងនោះ បាននាំគ្នាចុះស្រាយយកទង់ជាតិ របស់អ្នកស្រុកដែលដាំតាមដងផ្លូវ ​ចោលទៀត។

លោកវរៈសេនីយ៍ត្រី បញ្ជាក់ថា ​ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងអាវុធហត្ថស្រុកបារាយណ៏ បានចុះបង្ក្រាបដល់កន្លែងកើតហេតុ ក្រុមក្មេងទំនើងទាំងនោះ បាននាំគ្នាជិះម៉ូតូរត់ តែកម្លាំងអាវុធហត្ថបានដេញតាមរហូតឃាត់ខ្លួនបាន៦នាក់ ​ដែលក្នុងនោះទី១-ឈ្មោះ លឹម ម៉េងលី អាយុ១៦ឆ្នាំ រស់នៅភូមិបឹងខាងត្បូង ឃុំបឹង ស្រុកបារាយណ៏ ទី២-ឈ្មោះ ហង្ស ផាន់ណូ​ អាយុ១៨ឆ្នាំ រស់នៅភូមិបឹងខាងជើង ឃុំបឹង ស្រុកបារាយណ៏ ទី៣-ឈ្មោះ រឿន ដានីន ​អាយុ១៧ឆ្នាំ រស់នៅភូមិបឹងកណ្តាល ឃុំបឹង ស្រុកបារាយណ៏ ទី៤-ឈ្មោះ រឿន យ៉ត អារីយ៉ា​ អាយុ១៧ឆ្នាំ ទី៥-ឈ្មោះ ឈឹម ឃួន អាយុ១៦ឆ្នាំ ទី៦-ឈ្មោះ ហេន ចាន់ថា​ អាយុ១៧ឆ្នាំ រស់នៅភូមិបឹងត្បូង ឃុំបឹង ស្រុកបារាយណ៏ ខេត្តកំពង់ធំ។ ក្រោយឃាត់ខ្លួន កម្លាំងជំនាញដកហូតបាន ម៉ូតូ៤គ្រឿង ម៉ាកMSX ទង់ជាតិ៣ផ្ទាំង​។

បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្ត កងសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕