(សេអ៊ូល)៖ ​សារព័ត៌មានកូរ៉េខាងត្បូង IHS Jane's Defence Weekly បានចេញផ្សាយថា ហ្វីលីពីន កំពុងពិចារណាទិញយន្ដហោះចម្បំាងធុនមធ្យម FA-50 ពីក្រុមហ៊ុន Korea Aerospace Industries Ltd. (KAI) ដែលនឹងអាចសម្រេចចេញនៅឆ្នាំ២០១៨ ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន។ នេះបើតាមការដកស្រង់ដោយ សារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០១៦។

ផ្អែកលើប្រភពបានមកពី កងកម្លាំងទ័ពអាកាសហ្វីលីពីន(PAF)​ រួមទំាងពិព័រណ៍អាស៊ាន ស្ដីពី វិស័យការពារជាតិ និងសន្តិសុខ ២០១៦ រៀបចំឡើងក្នុងទីក្រុងម៉ានីល សារព័ត៌មានកូរ៉េខាងត្បូង ដដែលបានបញ្ជាក់ទៀតថា ហ្វីលីពីនចង់ទិញយន្ដហោះចម្បំាងធុនមធ្យម FA-50 ៣៦ គ្រឿង ពីកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងវិស័យ ការពារជាតិ និង ទប់ស្កាត់ការគំរាមកំហែងណាមួយ នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ ក្នុងដែនសមុទ្ររបស់ខ្លួន។

គួរបញ្ជាក់ថា កងកម្លាំងទ័ពអាកាសហ្វីលីពីន(PAF)​ ធ្លាប់បានបញ្ជាទិញយន្តហោះចម្បំាងធុន FA-50 មួយចំនួនរួចហើយ ក្នុងតម្លៃជាង៣៩០លាន ដុល្លារអាមេរិក ចំនួន១២គ្រឿង ពីក្រុមហ៊ុន Korea Aerospace Industries Ltd កាលពីខែមីនា ឆ្នាំ២០១៤ ជាមួយនឹងការចាប់ផ្ដើមប្រគល់កាលពីខែធ្នូ ឆ្នាំ២០១៥ ហើយគំរោងនេះនឹងត្រូវ បញ្ចប់នៅចុងឆ្នាំ២០១៧៕