(ភ្នំពេញ)៖ ​រយៈពេល៤ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ គឺ​ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០២​ ខែតុលា​ ឆ្នាំ​២០១៦នេះ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន៦៦លើក​ (ថយចុះ១៦លើកបើធៀបនឹងឆ្នាំមុន) ​បណ្តាលឲ្យ​មនុស្ស​ស្លាប់២៦នាក់ (ថយចុះ១១នាក់)​ ស្រី២នាក់ រង​របួសធ្ងន់​៨៦នាក់ (ថយចុះ១៨នាក់​) និង​រង​របួសស្រាល​៥២នាក់​ (ថយចុះ៤នាក់)។​

​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦៦លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​១០៧គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន៧៩គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន២៤គ្រឿង​, ​រថយន្ត​ធុន​ធំ៤គ្រឿង​ និង​យានផ្សេងៗ​ចំនួន​៣គ្រឿង​,​ ថ្មើរជើង​៦នាក់​។​

​ប្រភព​ព័​ត៌​មាន​ដដែល ​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ ល្មើស​ល្បឿន២២​លើក​,​ ងងុយដេក​២លើក​ មិន​គោរព​សិទ្ធិ​៨លើក​,​ មិន​ប្រកាន់​ស្តាំ​៦​លើក​ ,​ ប្រជែង១០លើក​,​ កត្តា​យានយន្ត៣លើក​, បត់គ្រោះថ្នាក់៤លើក, ស្រវឹង១១លើក។​

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅខេត្តព្រៃវែង៥លើក ខេត្តបន្ទាយមានជ័យ២លើក ខេត្តកំពង់ចាម៣លើក ខេត្តព្រះសីហនុ៥លើក ខេត្តស្វាយរៀង៤លើក ខេត្តសៀមរាប២លើក ខេត្តកណ្ដាល២លើក ខេត្តក្រចេះ៤លើក ខេត្តកំពង់ធំ២លើក ខេត្តតាកែវ៥លើក ខេត្តកំពង់ស្ពឺ១លើក ​ខេត្តព្រះវិហារ១លើក ខេត្តពោធិ៍សាត់១០លើក៕