(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានក្រើនរម្លឹកដល់ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបាន ធ្វើដំណើរកម្សាន្ដទៅក្រៅប្រទេស ពេលត្រឡប់មកវិញ ត្រូវតែប្រុងប្រយ័ន្ននូវជម្ងឺ «Zika»

​នេះបើតាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាអ្នកនាំពាក្យក្រសួង សុខាភិបាលកម្ពុជា ប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦។

បើតាមលោកស្រី លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះ «ក្រើនរំលឹកដល់ប្រជាជនកម្ពុជាដែលធ្វើដំណើរ វិលត្រឡប់មកពីដើរកំសាន្តនៅក្រៅប្រទេស ដែលមានករណី «Zika»កើតឡើងថា​ សុំបងប្អូនមានការប្រុងប្រយ័ត្ន លើសុខភាព​ ប្រសិនបើមានរោគសញ្ញាសង្ស័យដូចជាគ្រុនក្តៅ​ មានកន្ទួលក្រហមលើស្បែក​ ភ្នែកក្រហម​ ឈឺសន្លាក់​ ជាដើម​ សុំទៅពិគ្រោះជាមួយគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ​ស្វែងរកការ ពិនិត្យនិងធ្វើរោគវិនិឆ្ឆ័យបានទាន់ពេលវេលា ដើម្បីចូលរួមកាត់បន្ថយហានិភ័យជាយថាហេតុ ដែលបណ្តាលមកពីជំងឺ ឆ្លងនានា ដូចជាគ្រុនឈាម​ គ្រុនឈីក​ ឫហ្សីកា​ ជាដើម»

ជាមួយគ្នានេះដែរ លោកស្រី បន្ថែមថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហា ឬចម្ងល់ផ្សេងៗ លើកិច្ចការពារជម្ងឺ «Zika» នេះ​ សុំទាក់ទងមកលេខ​ ១១៥ និងសូមជូនពរបងប្អូន ធ្វើដំណើរត្រឡប់មកវិញ ប្រកបដោយសេចក្តីសុខគ្រប់ប្រការ៕