(មីយ៉ាន់ម៉ា)៖ ឆ្លៀតពេលចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៧ នៅប្រទេសមីយ៉ាន់ម៉ា លោក ឈាង វុន ប្រធានគណៈ កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោស​នាការ និងព័ត៌មាននៃរដ្ឋសភា តំណាងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយលោក Martin Chungong អគ្គលេខា​ធិការសហភាពអន្តរសភា (IPU) ដើម្បីចែក រំលែកព័ត៌មានមួយចំនួនពីគ្នាទៅវិញទៅមក។

នៅក្នុងជំនួបនេះ លោកអគ្គលេខាធិការសហភាពអន្តរសភា បានជម្រាបជូន លោក ឈាង វុន ពីការត្រៀមរៀបចំមហាសន្និបាត សហភាពអន្តរសភា ដែលនឹងប្រារព្ធធ្វើនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាពេលខាងមុខឆាប់ៗនេះ។  

ឆ្លើយតបនឹងការចង់ដឹង របស់លោកអគ្គលេខាធិការសហភាពអន្តរសភា(IPU) អំពីស្ថានការណ៍​នយោបាយក្នុងប្រទេសកម្ពុជា លោក ឈាង វុន បានជម្រាបថា គឺកម្ពុជាមានសភាពការណ៍​​ជាប្រក្រតី ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការវិវឌ្ឍន៍ស្ថានការណ៍ នយោបាយកាន់តែល្អប្រសើរ ដោយសារសមាជិករដ្ឋសភាខាងសំឡេងភាគតិច បានប្រកាសពីការចូលប្រជុំរដ្ឋសភាវិញពិសេស សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភារបស់គណបក្សសង្រ្គោះជាតិ បានចូលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាកាលពី សប្តាហ៍មុន ដែលនេះជាសកម្មភាពមួយ បានបង្ហាញពីស្ថានភាពនយោបាយមានលក្ខណៈល្អប្រសើរ។

ចំពោះការលើកឡើងពីការជាប់ឃុំរបស់សមាជិករដ្ឋសភា និងព្រឹទ្ធសភារបស់គណបក្សជំទាស់វិញ លោក ឈាង វុន បានគូសបញ្ជាក់ថា នោះជាដំណើរការ នីតិវិធីរបស់តុលាការ ដែលរដ្ឋសភាមិនមានសមត្ថកិច្ច ឬអំណាចជ្រៀតជ្រែកឡើយ។ លោកប្រធានគណៈកម្មការ បានលើកឡើងថា វប្បធម៌សន្ទនាមិនបានទៅដោះស្រាយបញ្ហាតុលាការបាននោះទេ។

ជំនួបពិភាក្សាការងារនាឱកាសនោះ បានប្រព្រឹត្តទៅនៅក្រោមបរិយាកាសស្និទ្ធស្នាលនិងយោគ​​យល់៕