(ភ្នំពេញ)៖ បន្ទាប់ពីបានឈប់សម្រាក២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ ដើម្បីអបអរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនោះ មន្ត្រីបម្រើការងារចុះឈ្មោះបោះឆ្នោតរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅមណ្ឌលចុះឈ្មោះបោះឆ្នោត ឃុំ-សង្កាត់ នឹងត្រូវចូលបម្រើការងារចុះឈ្មោះបោះឆ្នោតដូចធម្មតាវិញ ចាប់ពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ស្អែកនេះ។

សូមជម្រាបថា ដំណើរការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំប​ញ្ជីឈ្មោះបោះឆ្នោតថ្មី ចាប់ផ្តើមតាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦មកម្ល៉េះ។ មន្ត្រីបម្រើការងារចុះឈ្មោះបោះឆ្នោត ត្រូវបានកំណត់ឲ្យធ្វើការងារពេញមួយសប្តាហ៍ គិតទាំងថ្ងៃសៅរ៍ និងអាទិត្យ។

ការចុះឈ្មោះបោះឆ្នោតចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ គិតត្រឹតថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ បងប្អូនប្រជាពលរដ្ឋខ្មែរចំនួនជិត៤លាននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិចុះឈ្មោះ បោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕