(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះ លោក ‌‌‌‌អូស្មាន‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ ‌បានអញ្ជើញទទួលស្វាគមន៍ការវិលមកដល់មាតុប្រទេសវិញ ពីសំណាក់សាសនិកឥស្លាម១០៩រូប‌‌ ជាក្រុមដំបូងគេ ដែលស្នាក់នៅបំពេញភារកិច្ចចំនួន៣៦ថ្ងៃ ក្នុងចំណោមទាំង‌‌‌‌‌‌‌‌‌៨០០នាក់​ ដែលបានទៅបំពេញកាតព្វកិច្ច នៃពិធីបុណ្យហាជ្ជ‌‌ ឆ្នាំ ២០១៦នេះ នៅទីក្រុងម៉ាកះ ប្រទេសអារ៉ាប៊ីសាអូឌីត ហើយត្រូវបានគេដឹងថា‌‌ នឹងអញ្ជើញដល់ជាបន្តបន្ទាប់ ដែលអ្នករាល់គ្នាបានសេចក្តីសុខសប្បាយ និងសុវត្ថិភាពជាធម្មតា ថែមទាំងបានបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយភាពជោគជ័យ។

ជំនួបនេះធ្វើឡើងជាពីរដំណាក់កាល ខណៈដំណាក់កាលទី១ នៅព្រលានយន្តហោះអន្តរជាតិម៉ាឡេស៊ី គាប់ជួបនឹងការចេញដំណើរបន្តជើងហោះហើរ របស់លោករដ្ឋមន្រ្តីប្រតិភូ បន្ទាប់ពីបញ្ចប់កិច្ចការ នៅប្រទេសម៉ាឡេស៊ី ស្របពេលដែលបងប្អូនអ្នកដែលទើបតែបញ្ចប់ភារកិច្ច ធ្វើបុណ្យហាជ្ជ ក៏ត្រូវចុះចតនៅម៉ាឡេស៊ី ដើម្បីបន្តជើងហោះហើរតែមួយជាមួយគ្នា ហើយទី២ នៅពេលដែលអញ្ជើញមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញតែម្តង។

ជំនួសមុខអោយប្រមុខរដ្ឋាភិបាលកម្ពុជា លោក អូស្មាន ហាស្សាន់ បានជូនពរដល់សាសនិកទាំងឡាយ ដែលបានបំពេញភារៈកិច្ចរបស់ខ្លួន សូមអោយទទួលបានបុណ្យកុសល្យ និងការអនុវត្តបានដ៏ត្រឹមត្រូវ ទៅតាមគន្លងក្រិតក្រមរបស់ឥស្លាម លោកក៏បួងសួងពីព្រះអាល់ឡោះ អោយជួយថែរក្សាសុវត្ថភាពជូនបងប្អូន ប្រមាណជិត៧០០នាក់ផ្សេងទៀត ដែលនឹងបន្តដំណើរមកដល់កម្ពុជា ជាបន្តបន្ទាប់ទៀតបានទទួលនូវសេចក្តីសុខសុវត្ថិភាព ក្នុងការធ្វើដំណើរ។

លោករដ្ឋមន្រ្តីប្រតិភូក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅដល់សាសនិកទាំងឡាយ ដែលបានបញ្ចប់ភារកិច្ចរបស់ខ្លួន និងសេចក្តីនឹករលឹកដល់បងប្អូនសាច់ញាតិជាច្រើនកុះករ ដែលអញ្ជើញមកទទួលបងប្អូន ក្រុមគ្រួសាររបស់ខ្លួននោះផងដែរ។

លោក អូស្មាន ហាស្សាន់ ក៏បានផ្តាំផ្ញើ ក្រើនរំលឹកដល់បងប្អូនទាំងឡាយ អ្នកដែលមិនទាន់បានទៅចុះឈ្មោះបោះឆ្នោតទេ សូមមេត្តារួសរាន់អញ្ជើញទៅចុះឈ្មោះឆ្នោត នៅតាមបណ្តាសាខាការិយាល័យបោះឆ្នោត ដែលនៅជិតខ្លួនជាពិសេសនៅមណ្ឌល ដែលលោកអ្នកគ្រោងនឹងអញ្ជើញបោះឆ្នោត នៅទីនោះតែម្តង៕