(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំសិស្សជំនាញទេសចរណ៍ ចូលរួមប្រកួតជំនាញអាស៊ានលើកទី១១​​​​ (The 11th ASEAN Skills Competition) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយទទួលបានមេដាយឆ្នើម (Medallion for Excellence ) ចំនួន២ ផ្នែកជំនាញសេវាកម្មភោជនីយដ្ឋាន (Restaurant Services) ដែលនេះជាកិត្តិយសដ៏ពិសេស សម្រាប់កម្ពុជា។

ការប្រកួតជំនាញអាស៊ាននេះ ត្រូវបានរៀបចំចាប់ពី ថ្ងៃទី១៩-២៩​ ខែកញ្ញា ​ឆ្នាំ២០១៦​ (រៀងរាល់២ឆ្នាំម្ដង) ដោយមានការចូលរួមពីប្រទេសសមាជិកអាស៊ានទាំង១០ ដើម្បីចែករំលែកបទពិសោធន៍ ក្នុងការអភិវឌ្ឍជំនាញរវាងប្រទេសជាសមាជិក សំដៅពង្រឹងកម្រិតជំនាញក្នុងតំបន់ ឱ្យកាន់តែរីកចម្រើនថែមទៀត។
បេក្ខជនប្រកួត ត្រូវមានអាយុយ៉ាងច្រើន២២ឆ្នាំ ហើយការប្រកួតលើកនេះ មាន២៣ជំនាញ រីឯវិញ្ញាសាត្រូវបានកែសម្រួលចេញពី ការប្រកួតជំនាញពិភពលោកលើកទី៤៣ (The 43rd World Skills Competition) នៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល ឆ្នាំ២០១៥។

ដើម្បីអភិវឌ្ឍន៍ជំនាញទេសចរណ៍ និងបង្កើតការងារដល់យុវជនកាន់តែខ្លាំង និងច្រើនថែមទៀត ក្រសួងទេសចរណ៍បានដាក់យុទ្ធនាការ «បុគ្គលិកម្នាក់ជំនាញមួយ» ដោយបានដាក់បញ្ចូលកម្មវិធីសិក្សាស្តង់ដារអាស៊ាន តាមសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍នានានៅកម្ពុជា ព្រមទាំងបានបណ្ដុះបណ្ដាលគ្រូ និងអ្នកវាយតម្លៃជូនសាលាទាំងនោះ។

យុវជនដែលបញ្ចប់ការសិក្សាជំនាញទេសចរណ៍ តាមកម្មវិធីអាស៊ានអាចមានលទ្ធភាពចូលរួមបម្លាស់ទីការងារ ក្នុងតំបន់អាស៊ាន ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP)។ សមិទ្ធិផលមេដាយឆ្នើមនាពេលនេះ បានបង្ហាញកាន់តែច្បាស់ថែមទៀត អំពីការរីកចម្រើននៃជំនាញទេសចរណ៍កម្ពុជា ក្នុងកម្រិតតំបន់ និងអន្តរជាតិ។

សូមរំលឹកថា​​ កាលពីការប្រកួតជំនាញអាស៊ានលើក៩​ ឆ្នាំ២០១២​​ នៅឥណ្ឌូនេស៊ី​ ឆ្នាំ២០១២ កម្ពុជាធ្លាប់បានទទួលបានមេដាយឆ្នើម ចំនួន១ ផ្នែកចុងភៅ ហើយនៅការប្រកួតលើកទី១០ នៅប្រទេសវៀតណាម ឆ្នាំ២០១៤ កម្ពុជាក៏ទទួលបានមេដាយឆ្នើម ចំនួន២ ផ្នែកចុងភៅដែរ៕