(មីយ៉ាន់ម៉ា)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០១៦ បានចូលរួមក្នុងមហាសន្និបាតអាយប៉ា លើកទី៣៧ នាទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ក្រោមប្រធានបទ «ភាពរស់រវើករបស់អាយប៉ា ដើម្បីសហគមន៍អាស៊ានរីកចម្រើន» ហើយពិធីនោះបានបើកជាផ្លូវការ នៅក្នុងសាលសន្និសីទអន្តរជាតិ វេលាម៉ោង ១១៖០០នាទី ដោយមានវត្តមានប្រធានសភានៃប្រទេសអាស៊ានទំាង ១០ ចូលរួមផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍ជម្រាបសមាជិក អាយប៉ា ទំាង១០ប្រទេសថា «សភាកម្ពុជាបាន​រួមចំណែកដ៏សំខាន់ក្នុងដំណើរការវិវត្តន៍របស់អាយប៉ា​ និងបានធ្វើសកម្មភាព​យ៉ាងសកម្ម​ក្នុងការដោះស្រាយបញ្ហារួម​សំខាន់ៗ ​ក្នុងក្របខណ្ឌ អាយប៉ា»

លោក Mahn Winn Khaing Thann ប្រធាន អាយប៉ាលើកទី៣៧ និងជាប្រធានរដ្ឋសភាមីយ៉ាន់ម៉ា និង លោកស្រី អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃប្រទេសមីយ៉ាន់ម៉ា បានអញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាតនេះ និងបានស្វាគមន៍យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូអាយប៉ាទំាងអស់ ដែលមានវត្តមាននៅលើទឹកដ៏ស្រស់ស្អាត នៃសហភាពមីយ៉ាន់ម៉ានាពេលនេះ។

លោកស្រី អ៊ុង សានស៊ូជី បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ អាយប៉ា ក្នុងរយៈពេលកន្លងមក ហើយបានចូលរួមនិងគំាទ្រយ៉ាងសកម្ម ចំពោះសកម្មភាពរបស់រដ្ឋាភិបាលអាស៊ាន។ សម្រាប់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៧នេះ ទីប្រឹក្សារដ្ឋនៃសហភាពមីយ៉ាន់ម៉ា បានស្នើដល់សមាជិកអាយប៉ាទំាងអស់ យកចិត្តទុកដាក់លើបញ្ហាមួយចំនួនរបស់អាស៊ាន ដូចជាដំណើរការលិទ្ធិប្រជាធិបេតេយ្យ សេដ្ឋកិច្ច បញ្ហាបរិស្ថាន និងបញ្ហាសិទ្ធិមនុស្ស ក្នុងនោះសិទ្ធិជនជាតិដើមភាគតិចជាដើម។

ពិធីបើកមហាសន្និបាតអាយប៉ាលើកទី៣៧ បានប្រារព្ធធ្វើឡើងនៅក្នុងបរិយាកាសរីករាយនិងស្និទ្ធស្នាល។ ភ្លេងជាតិរបស់ប្រទេសមីយ៉ាន់ម៉ា និងភ្លេងរបស់អាយប៉ាបានសម្តែងនិងប្រគុំឡើង នៅក្នុងពិធីបើកមហាសន្និបាតនេះ ដែលបានបង្ហាញពីប្រពៃណី វប្បធម៌ និងការរស់នៅរបស់ប្រជាពលរដ្ឋប្រទេសទំាង១០ប្រទេស ដែលសមាជិកអាយប៉ា មានដូចជា៖ កម្ពុជា ប្រ៊ុយណេ,ឡាវ,ម៉ាឡេស៊ី,ឥណ្ឌូនេស៊ី,ហ្វីលីពីន,សឹង្ហបូរី,ថៃ,វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។

បន្ទាប់ពីពិធីបើកមហាសន្និបាតបានបញ្ចប់ កិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ាន ត្រូវបានប្រារព្ធធ្វើឡើងនៅក្រោមអធិបតីភាពថ្នាក់ដឹកនាំគណៈប្រតិភូ អាយប៉ា ទំាង១០ប្រទេស។ ថ្នាក់ដឹកនាំសភាប្រទេសសមាជិកអាយប៉ានីមួយៗ បានឡើងធ្វើបទអន្តរាគម​ន៍ម្នាក់ម្តងៗ។

​​ក្នុងនាម​ប្រធានគណៈប្រតិភូសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា «អាយប៉ា​ ដែលជាដៃគូដ៏ជិតស្និទ្ធរបស់អាស៊ាន ត្រូវតែមានភាពស្វាហាប់ និងរស់រវើក​ក្នុង​ការ​បំពេញតួនាទីស្នូលរបស់ខ្លួន ក្នុងភាពជាតំណាងប្រជាពលរដ្ឋអាស៊ាន ជាអ្នកតាក់តែងច្បាប់ និងជាអ្នកតាមដានការអនុវត្តច្បាប់។ ភាពរស់រវើករបស់អាយប៉ាជាកំលាំងចលករដ៏មានសារសំខាន់និង​មានសក្ដានុពលរបស់អាស៊ាន ដើម្បីធ្វើឲ្យ​ផែនការ និងគោលដៅរួមរបស់សហគមន៍អាស៊ានទាំងមូល មានភាពរីកចំរើនជាលំដាប់»

សូមបញ្ជាក់ថា មហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៧ ដែលសភាប្រទេសមីយ៉ាន់យ៉ាទទួលរៀបចំនេះ នឹងចាប់ដំណើរការ ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦។ គណៈប្រតិភូសភាកម្ពុជាដែលអមដំណើរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៧ ដែលមានសមាជិកព្រឹទ្ធសភា និងរដ្ឋសភានោះ នឹងត្រូវចូលរួមកិច្ចប្រជុំ របស់​គណៈកម្មការនានារបស់អាយប៉ា ក្នុងនោះមានគណៈកម្មការនយោបាយ សេដ្ឋកិច្ច សង្គម និងស្រ្តីជាដើម៕