(ត្បូងឃ្មុំ)៖ លោក ជាសុផារ៉ា ទេសរដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិង សំណង់ អមដំណើរដោយ លោក ហាក់សុខមករា អភិបាលរងខេត្ត  រសៀលថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០១៦ បានដឹកនាំក្រុមការងារ ចុះពិនិត្យដំណើរការបូមទឹកបញ្ចូល ក្នុងអាងទឹកបឹងធំ ព្រមទាំងបានឧបត្ថមប្រេងម៉ាស៊ូត សម្រាប់ការបូមទឹកនេះទាំងស្រុង និងណែនាំដល់បងប្អូនប្រជាកសិករ ច្រកដីក្នុងសំបកបាវ ទប់មាត់ច្រកប្រឡាយ តាឌៀប ដើម្បីតំកល់ទឹកទុក សម្រាប់បម្រើឱ្យការស្រោចស្រពដីស្រែ និងដំណាំផ្សេងៗទៀត នៅរដូវប្រាំងខាងមុខនេះ របស់បងប្អូនប្រជាកសិករ ស្ថិតក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

សូមជម្រាបថា ដោយទឹកទន្លេមេគង្គនាពេលនេះ មានកម្ពស់ ១១.៦៦ម៉ែត្រ ទឹកហូរចូលអាងបឹងធំ បានត្រឹមតែប្រមាណ ៧០ ភាគរយ ប៉ុណ្ណោះ ។

ដូចនេះដើម្បីត្រៀមបម្រុងទឹកទុកឱ្យបានគ្រប់គ្រាន់ សម្រាប់បម្រើឱ្យការស្រោចស្រពលើផ្ទៃដីស្រូវប្រាំង ប្រមាណ ៥៥០ ហិកតា និងដំណាំពោត, ថ្នាំជក់ ប្រមាណ ៦៧០ ហិកតា នៅតំបន់នោះ តាមការស្នើរសុំរបស់ បងប្អូនប្រជាពលរដ្ឋទាំង៧ភូមិ ក្នុងឃុំរការខ្នរស្រុកក្រូចឆ្មារ មន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានដំឡើងម៉ាសីុនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០១ គ្រឿង ដើម្បីបូមទឹកបំពេញបន្ថែមក្នុងអាងទឹកបឹងធំ ដើម្បីខ្ទប់ទឹកទុក សម្រាប់ប្រើប្រាស់លើដំណាាំកសិកម្ម៕