(ភ្នំពេញ)៖ លោកឡុង សុផាត ប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ បានសំដែងការស្វាគមន៏ និងអបអរសាទរចំពោះប្រាក់ឈ្នួល អប្បបរមារបស់កម្មករ និយោជិត នៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ដែលត្រូវបានគណៈកម្មការប្រឹក្សាការងារប្រជុំអនុម័តតម្លើងចំនួន ១៥៣ដុល្លារក្នងមួយខែ ដែលនឹងអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៧តទៅ ។

លោកបានបន្តថា ទម្រាំឈានដល់ដំណាក់កាល សម្រេចចុងក្រោយនេះគឺក្រុមការងារ បច្ចេកទេសត្រីភាគីបានធ្វើការប្រជុំតាម កាលវិភាគជាលក្ខណៈទ្វេរភាគី និងជាលក្ខណៈត្រីភាគីអស់ចំនួន៩លើក និងមានរយៈពេល៣ខែមកហើយ ហើយការប្រជុំសម្រេច របស់គណៈកម្មការប្រឹក្សានៅរសៀលថ្ងៃម្សិលមិញ គឺជាលទ្ធផលដ៏វិជ្ជមាន មួយសម្រាប់វិស័យឧស្សាហកម្មកាត់ដេរ នៅកម្ពុជាក្នុងរយៈ ៥ឆ្នាំចុងក្រោយនេះ ម្យ៉ាងទៀតវាជារង្វាន់របស់កម្មករជាង ៨០មឹុននាក់ នៅក្នុងរដូវភ្ជុំបិណ្ឌ និងពួកគេនឹងទទួលបានសម្រាប់ឆ្នាំ២០១៧ ។

លោកឡុង សុផាត បានបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមារបស់ កម្មករត្រូវបានតម្លើងជាបន្តបន្ទាប់ ចំនួន ១២លើកមកហើយចាប់តាំងពីវិស័យ វាយណភ័ណ្ឌកាត់ដេរ មានការរីកចម្រើនតាំងពី ទស្សវត្ស៩០ ហើយបានតម្លើងក្នុងកម្រិត សមរម្យជាងគេគឺក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដោយសារតែកត្តាសេដ្ឋកិច្ច និងកត្តាសង្គមមានលក្ខ័ណ្ឌល្អប្រសើរ៕