(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវនឹងបិណ្ឌទី១៤ បានបញ្ជាក់ថា បុណ្យភ្ជុំឆ្នាំនេះ សម្តេចទើបតែទៅវត្តបានមួយវត្តប៉ុណ្ណោះ ដោយសារការងាររវល់ពេក ប៉ុន្តែនៅថ្ងៃស្អែក សម្តេចកំពុងត្រៀមទៅវត្តក្នុងថ្ងៃភ្ជុំធំ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវជាថ្មីម្តងទៀត ចំពោះបងប្អូនប្រជាពលរដ្ឋឲ្យធ្វើដំណើរគោរពច្បាប់ចរាចរណ៍ និងបើកបរយោគយល់ និងអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក។

សម្តេចតេជោ បានសរសេរក្នុង Facebook សម្តេចយ៉ាងដូច្នេះថា៖ «ថ្ងៃនេះ១៤រោច ខែភទ្របទ ត្រូវនឹងបិណ្ឌ១៤។ នៅសល់តែ១ថ្ងៃទៀតនឹងដល់ថ្ងៃភ្ជុំបិណ្ឌធំ ដែលជាថ្ងៃជួបជុំពុទ្ធសាសនិក នៅតាមវត្តអារាមនានានៅទូទាំងប្រទេស។ សំរាប់ខ្ញុំបិណ្ឌឆ្នាំនេះបានតែមួយវត្តប៉ុណ្ណោះ ដោយសាររវល់ខ្លាំងពេក និងកំពុងត្រៀមទៅភ្ជុំធំនៅថ្ងៃសៅរ៍ស្អែកនេះ។

សូមបងប្អូនធ្វើដំណើរគោរពច្បាប់ចរាចរណ៍ និងបើកបគោរពច្បាប់ យោគយល់និងអធ្យាស្រ័យអោយគ្នាទៅវិញទៅមក និងសូមមានសុខសុវត្ថិភាពគ្រប់ៗគ្នា។

សូមកុសលផលបុណ្យទាំងអស់ បានដល់បងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស រាប់ទាំងកងកម្លាំងកម្ពុជាដែលកំពុងឈរជើងនៅតាមព្រំដែន និងកំពុងបំពេញបេសកកម្មរក្សាសន្តិភាព នៅក្រៅប្រទេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិផងដែរ»