(ភ្នំពេញ)៖ ករណីព្រះសង្ឃនៅវត្តសាមគ្គីរង្ស៉ី កាប់ប្រហារគ្នាបណ្តាលឲ្យរងរបួសបែកព្រះកេស រហូតដល់ដេរ៤ថ្នេរនោះ ត្រូវបានសមត្ថកិច្ចប្រាប់ថា ផ្តើមចេញពីព្រះសង្ឃរងគ្រោះ មិនចង់ឲ្យព្រះសង្ឃបង្ក ដែលចេញពីវត្តស្ទឹងមានជ័យនោះ មកគង់នៅក្នុងវត្តសាមគ្គីរង្សី។

យ៉ាងណាក៏ដោយ ក្រោយកើតហេតុភ្លាមៗ នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ព្រះសង្ឃបង្កបានរត់គេចខ្លួនបាត់ហើយ ខណ:ព្រះសង្ឃរងគ្រោះត្រូវបានសមត្ថកិច្ច និងអាជ្ញាធរជួយដឹកយកទៅព្យាបាល។

សូមបញ្ជាក់ថា នៅវត្តសាមគ្គីរង្សីដែលស្ថិតនៅក្រុម៤ ភូមិទ្រា២ សង្កាត់​ស្ទឹង​មានជ័យ​ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ នៅវេលាម៉ោង១៩:០០នាទី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ មានករណីជម្លោះរវាងព្រះសង្ឃនិងសង្ឃដែលគង់ក្នុងវត្តនេះតែម្តង។

ព្រះសង្ឃដែលរងគ្រោះមានព្រះនាម ថាច់ ញ៉ឹង ហៅស្វិត ព្រះជុន្មាន១៩វស្សា រងរបួស០៤ថ្នេរ  ចំណែកព្រះសង្ឃដែលបង្កហឹង្សាដោយប្រើកាំបិត(ដាវសាមម៉ូរ៉ៃ)កាប់ព្រះសង្ឃរងគ្រោះមានព្រះនាម ហុច រួមនិងបក្សពួកជាសង្ឃចូលរួមបង្ក ១០អង្គផងដែរ។

ក្រោយកើតហេតុភ្លាមៗ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ នគរបាលប៉ុស្តិរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ តេជគុណ ថាច់ ហាសំអាង ចៅអធិការវត្តសាមគ្គីរង្សី បានចុះទៅជួយអន្តរាគមន៍ផងដែរ៕