(បន្ទាយមានជ័យ)៖ លោក ស សុខា តំណាងរាស្ដ្រមណ្ឌលព្រៃវែង បានលើកឡើងថា ការផ្ដល់រង្វាន់ម៉ូតូ និងការអញ្ជើញទៅជួបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា​​ គឺជាកិត្តិយកខ្ពស់ណាស់ សម្រាប់ប្អូនដែលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ហើយបានទទួលនិទ្ទេស A។

ការលើកឡើងរបស់ លោក ស សុខា បែបនេះត្រូវបានធ្វើឡើង នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់ ដល់សិស្សានុសិស្ស ដែលទទួលបាននិទ្ទេស A ទាំង១៦នាក់ ក្នុងខេត្តបន្ទាយមានជ័យ។ ក្នុងពិធីនេះដែរ ក៏មានការចូលរួមពី លោកស្រី ម៉ៅ ម៉ាល័យ កែ គីមយ៉ាន លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំ ជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ លោក ស សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «ការផ្តល់​ម៉ូតូ​ជាសំណាងរបស់ប្អូ​ន ព្រមទាំង​បានអញ្ជើញទៅជួបសម្តេចតេ​ជោ នៅវិមានសន្តិភាព គឺមានកិត្តិយសខ្ពស់ណាស់ ហើយម៉ូតូ​ដែលផ្ដល់ឲ្យប្អូនៗល្អហើយ ប៉ុន្តែ​អ្វីដែល​ខ្ញុំស្នើសុំ គឺ​កុំកែឆ្នៃអ្វីផ្សេងទៀត»។ លោកក៏បានស្នើទៅដល់សិស្សានុសិស្សថា «ប្អូនៗត្រូវផ្តល់លេខទូរស័ទ្ទ​ទំនាក់ទំនងគ្នា ណាដែលមានភាពងាយស្រួលទំនាក់ទំនងគ្នា ដោយយើងរស់នៅឆ្ងាយពីក្រុមគ្រួសារ ប្រសិនបើយើងមានរឿងអ្វីកើតឡើង យើងងាយស្រួលក្នុងទំនាក់ទំនងគ្នា»​

ជាមួយគ្នានោះដែរ លោក សួ​ន បវរ អភិបាលខេត្តបន្ទាយមានជ័យ​ បានលើកឡើងថា ប្អូនប្រុស ប្អូនស្រី ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ដទៀត ដើម្បីលើកម្ពស់ខេត្ត គ្រួសារ និងប្រទេសជាតិ ហើយត្រូវជៀសវាងឲ្យឆ្ងាយ ពីការប្រើប្រាស់គ្រឿងញៀន ព្រមទាំងគ្រឿងស្រវឹង។ បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដល់លោកស្រី​ ម៉ៅ ម៉ាល័យ កែ គីមយ៉ាន និងលោក ស សុខា​ ជាពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានឧបត្ថម្ភ ដល់ប្អូនដែលបានជាប់និទ្ទេស A ហើយលោកអភិបាលខេត្តក៏បាន ឧបត្ថម្ភបន្ថែម នូវទូរស័ព្ទ iPhone ម្នាក់១គ្រឿង ផងដែរ៕