(ប៉ៃលិន)៖ រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន រួមនិងប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងបានផ្តល់អំណោយសម្ភារ និងអង្ករសែនក្រអូបរបស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនជនពិកាអតីតយុទ្ធជន យុទ្ធនារី ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ។

ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជន នាយឧត្តមសេនីយ៍ អ៉ី ឈាន បានសម្តែងនូវសេចក្តីរីករាយ ដែលបានជួបបងប្អូនជាអតីតយុវជន យុទ្ធនារី នាពេលនេះ ព្រមទាំងបាននាំបណ្តាំផ្ញើសាកសួរសុកទុក្ខប្រកបដោយសេចក្តីគោរព អាណិតស្រឡាញ់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនទាំងអស់ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនយើងគ្រប់ពេលវេលា ។

នាយឧត្តមសេនីយ៍បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន តាមរយៈនយោបាយឈ្នះឈ្នះ មកដល់ពេលនេះបានរក និងរក្សាបាននូវសុខសន្តិភាព ស្ថេរភាព សេរីភាព និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យគួឲ្យកត់សំគាល់ ដែលពីមុនយើងទាំងអស់គ្នាសុទ្ធសឹងតែជាយុទ្ធជន យុទ្ធនារី ដែលធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ អស់ជាច្រើនទសវត្ស បណ្តាលឲ្យប្រទេសជាតិជួបនូវវិនាសកម្មស្ទើរទាំងស្រុង ពិសេសយុទ្ធជន យុទ្ធនារីមួយចំនួនធំត្រូវបានពលីជីវិត និងបន្សល់ទុកនូវរបួសស្នាមចំពោះបងប្អូនយើងដែលជាអតីតយុវជន ដែលនៅមានជីវិតនាពេលនេះ ដូចនេះហើយយើងទាំងអស់គ្នាត្រូវរួមចំណែក ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តរក្សានូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រទេសជាតិដោយចេរភាព ទុកជូនអ្នកជំនាន់ក្រោយបន្តទៀត។

នាយឧត្តមសេនីយ៍ អ៉ី ឈាន ក៏បានផ្តាំផ្ញើដល់បងប្អូនជនពិការអតីតយុវជន យុទ្ធនារីទាំងអស់ត្រូវខិតខំថែទាំសុខភាពឲ្យបានល្អទាំងអស់គ្នា និងបានអំពាវនាវឲ្យបងប្អូនទាំងអស់ ដែលពុំទាន់បានទៅចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាផងដែរ ។

សូមបញ្ជាក់ថា អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនបងប្អូនអតីតយុទ្ធជន យុទ្ធនារី នៃសមាគមយុទ្ធជនកម្ពុជាខេត្តប៉ៃលិនទាំង ១៩៩នាក់ ក្នុងម្នាក់ៗទទួលបាន គ្រឿងឧបភោគ បរិភោគមួយចំនួន និងថវិកា ១០០,០០០រៀល (១០ម៉ឺនរៀល)៕