(កំពង់ស្ពឺ)៖ យើងធ្លាប់តែលឺគេនិយាយលេងថា «បុណ្យក៏ធ្វើ ឈើក៏កាប់» ប៉ុន្តែក្នុងឱកាសបិណ្ឌទី១៣ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ វាគ្មិនយុវជនកម្មវិធីទំពាំងស្នងឫស្សីជំនាន់ទី១ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែលមានលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ជាប្រធាន បានមូលមតិគ្នាទៅធ្វើបុណ្យរួមគ្នា និងឆ្លៀតដាំកូនឈើចំនួន១០០ដើម ក្រោមប្រធានបទ «បុណ្យក៏ធ្វើ ឈើក៏ដាំ» នៅវត្តព្រៃរបង ដែលជាវត្តអាស្រមអត្ដខាត់មួយ ស្ថិតក្នុងឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ពិធីនេះ ត្រូវបានធ្វើឡើង ដោយសហការជាមួយ ខណ្ឌរដ្ធបាលព្រៃឈើ ខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមពាណិជ្ជករ សប្បុរសជន ក្រុមប្រឹក្សាឃុំ បងប្អូនប្រជាការពារ និងពុទ្ធបរិស័ទចំណុះជើងវត្ត ប្រមាណជា៤០នាក់។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីភ្ជាប់និស្ស័យក្នុងនាមជាបង ប្អូនវាគ្មិនយុវជនកម្មវិធីទំពាំងស្នងឫស្សីរួមជំនាន់ទី១ ជាពិសេសបង្កើនចំណងមិត្តភាព ភាតរភាព  ក្នុងបុព្វហេតុ ដើម្បីបំពេញកិច្ចការងារទាំងឡាយ ដើម្បីសង្គមជាតិទាំងមូល​។

ក្នុងឱកាសនេះដែរ លោក ឈួរ ឈុនហួរ ប្រធានជំនាន់ទី១ នៃកម្មវិធីទំពាំងស្នងឫស្សី បានលើកឡើងថា ​ការមកធ្វើបុណ្យ និងឆ្លៀតដាំកូនឈើរួមគ្នានេះ ដើម្បីជាទ្រព្យបុណ្យសម្រាប់បច្ចុប្បន្នជាតិផង និងទៅអនាគតជាតិផង ជាពិសេសការដាំកូនឈើនេះ ធ្វើឡើងក្នុងន័យគិតគូរពីបញ្ហាបរិស្ថានផង និងដើម្បីកែប្រែផ្នត់គំនិត និងពាក្យដែលធ្លាប់តែនិយាយថា «បុណ្យក៏ធ្វើ ឈើក៏កាប់ ទៅជាពាក្យថា បុណ្យក៏ធ្វើ ឈើក៏ដាំ​» វិញ។

លោកបន្ថែមថា «ការធ្វើបុណ្យរួមគ្នានេះ តាមន័យព្រះពុទ្ធសាសនា ក្នុងនាមយើងជាពុទ្ធសាសនិកជន គឺជាការភ្ជាប់និស្ស័យទៅអនាគតជាតិ មិនថាយើងស្លាប់ទៅ ទៅកើតនៅទីកន្លែងណានោះទេ គឺយើងនៅតែមាននិស្ស័យបានជួបគ្នា ស្គាល់គ្នា រាប់អានគ្នា ចេះជួយយកអាសារគ្នា រួមសុខ រួមទុក្ខជាមួយគ្នា ហើយមនុស្សយើងម្នាក់ៗ ស្លាប់ទៅវិញ គ្មានយកអ្វីទៅតាមជាមួយបាននោះទេ មានតែការខិតខំសន្សំកុសល ផលបុណ្យហ្នឹងហើយ ដែលទៅតាមជាមួយយើង សមដូចពាក្យមួយឃ្លា បានពោលថា ​​«ទ្រព្យបុណ្យជាគាប់ មិនមានអន្តររាយ ទ្រព្យធនខ្ចាច់ខ្ចាយ សប្បាយបានតែមួយជាតិ»​ ម្យ៉ាងមួយវិញទៀត យើងចង់បង្កើតជាទស្សនជាវិជ្ជមាន សម្រាប់សង្គមមួយថា បុណ្យក៏ធ្វើ ឈើក៏ដាំ​»។

ឆ្លៀតក្នុងឱកាសនោះផងដែរ វាគ្មិនយុវជន នៃកម្មវិធីទំពាំងស្នងឫស្សី ក៏បាននាំយកជាមួយនូវ អង្ករ មី ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង ទឹកបរិសុទ្ធ របស់របរប្រើប្រាស់ ព្រមជាមួយបច្ច័យចំនួន ៥៧៥,០០០ រៀល ជូនវត្តព្រៃរបង និងចែក​​សំលៀកបំពាក់​ ថវិកាមួយចំនួនជូនតាជី យាយជី ចំណុះជើងវត្តផងដែរ​។

សូមបញ្ជាក់ថា វាគ្មិនយុវជន នៃកម្មវិធីទំពាំងស្នងឫស្សី ត្រូវបានបង្កើតឡើងអស់រយៈកាលជាង​១ឆ្នាំ កន្លងមកហើយ តាមរយៈការបោះឆ្នោតជ្រើសរើស វាគ្មិនយុវជន ក្នុងនោះវាគ្មិនយុវជន​ បានចូលរួម យ៉ាងសកម្មដោយស្ម័គ្រចិត្ត ជាមួយសកម្មភាពសង្គមនានា សកម្មភាពបរិស្ថាន និងការចូលរួមសិក្ខាសាលា បឋកថា វគ្គបណ្តុះបណ្តាល ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីក សមត្ថភាពយល់ដឹង ដល់យុវជនឱ្យក្លាយទៅជា ធនធានមនុស្ស ប្រកបដោយសក្តានុពល ដែលអាចចូលរួមជា វាគ្មិន​ក្នុងវេទិកាសាធារណៈ ការដេញដោល មតិជាសាធារណៈ ការតស៊ូមតិ ការទំនាក់ទំនង ការផ្តួចផ្តើមគំនិត ​ភាពជាអ្នកដឹកនាំ និងមានការយល់ដឹង ប្រកបដោយសក្តានុពល អាចវិភាគបានស៊ីជម្រៅលើទិដ្ឋភាព នយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់គាំទ្រកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាលសំដៅ រួមចំណែកជំរុញការអនុវត្តឱ្យ​កាន់តែមានប្រសិទ្ធភាព នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕