(មីយ៉ាន់ម៉ា)៖ គណៈប្រតិភូជាន់ខ្ពស់សភា នៃកម្ពុជា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវេលាម៉ោង៤៖៣០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០១៦នេះ បានអញ្ជើញដល់ អាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ដោយសុវត្ថិភាព ដើម្បីចូលរួមមហាសន្និបាត អន្តរសភាអាស៊ាន(AIPA) លើកទី៣៧ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦។

មហាសន្និបាតលើកទី៣៧ អន្តរសភាអាស៊ាន នឹងប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញាស្អែកនេះ ដោយ​នៅក្នុងឱកាស​នោះ សម្តេចពញាចក្រី ហេង​ សំរិន ក៏នឹងត្រូវឡើងមានប្រសាសន៍ នៅក្នុងចំណោមថ្នាក់ដឹកនាំ សភាបណ្តាប្រទេសសមាជិកអាយប៉ាទំាង១០ ដែលមានប្រទេសប្រ៊ុយណេ កម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី សឹង្ហបូរី ថៃ វៀតណាម និងប្រទេសមីយ៉ាន់ម៉ា ផងដែរ។

ចំណែកគណៈប្រតិភូសភាកម្ពុជា ដែលអមដំណើរ សម្តេចប្រធានរដ្ឋសភា ចូលរួមមហាសន្និ​បាតអន្តរសភាអាស៊ាន លើកទី៣៧ ដែលមានសមាជិកព្រឹទ្ធសភា និងរដ្ឋសភានោះ ​នឹងត្រូវចូលរួមកិច្ចប្រជុំ របស់គណៈកម្មការនានារបស់អាយប៉ា ក្នុងនោះមានគណៈកម្មការន​យោបាយ សេដ្ឋ​កិច្ច សង្គម និងស្រ្តី ជាដើម។

សូមជម្រាបថា អន្តរសភាអាស៊ាន (AIPA) ជាអង្គការស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសសមា​ជិកសមាគមប្រ​ជាជាតិអាស៊ីអាគ្នេយ៍ ដែលមាន១០ប្រទេស។ មហាសន្និបាតអន្តរសភាអាស៊ាន តែង​តែប្រារព្ធធ្វើនៅរៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកបានផ្លាស់វេនគ្នាទទួលរៀបចំមហាសន្និបាត។ មហាសន្និបាតលើកទី៣៧ ប្រារព្ធធ្វើនៅប្រទេសមីយ៉ាន់ម៉ាពេលនេះ ក្រោមប្រធានបទថា «ភាព​រស់រវើករបស់អាយប៉ា ចំពោះការរីកចម្រើនរបស់អាស៊ាន»