(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៦ ក្រោមប្រធានបទ «ទេសចរណ៍ដើម្បីទាំងអស់គ្នា-ជម្រុញភាពទៅដល់ជាសាកល Tourism for All – Promoting Universal Accessibility)» ក្រសួងទេសចរណ៍ បានប្រកាសផ្សព្វផ្សាយ ក្រមសីលធម៌វិជ្ជាជីវៈសាកល សម្រាប់វិស័យទេសចណ៍-UNWTO, និងប្រកាសផ្សព្វផ្សាយឱ្យប្រើស្ដង់ដារចំនួន៣ រួមមាន៖ ស្ដង់ដាចំណាត់ថ្នាក់ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍, ស្ដង់ដាចំណាត់ថ្នាក់មណ្ឌលកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ, និងស្ដង់ដារ MICE កម្ពុជា។

ពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកនេះ ធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងនោះក្រសួងទេសចរណ៍ ក៏បានអមជាមួយ ពិធីប្រកាសផ្សព្វផ្សាយ ប្រព័ន្ធចំណាត់ថ្នាក់ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ និងប្រព័ន្ធចំណាត់ថ្នាក់មណ្ឌលកម្សាន្ត ទេសចរណ៍មនុស្សពេញវ័យ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍យុវជន និងនិស្សិតប្រមាណ៥០០នាក់។

ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៦នេះ ធ្វើឡើងប្រធានបទ ទេសចរណ៍ដើម្បីទាំងអស់គ្នា-ជម្រុញភាពទៅដល់ជាសាកល (Tourism for All – Promoting Universal Accessibility) ដែលជាឱកាសដ៏វិសេសវិសាលថ្មី ដើម្បីលើកស្ទួយ និងបង្ហាញនូវតួនាទីគន្លឹះរបស់វិស័យទេសចរណ៍ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការការពារសម្បត្តិវប្បធម៌ បរិស្ថាន ការចូលរួមការកាត់បន្ថយភាពក្រីក្រ និងការជំរុញបង្កើនមិត្តភាព សន្ដិភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិទាំងឡាយក្នុង ពិភពលោក និងភាពចំាបាច់នៃកិច្ចសហការដ៏ល្អ និងស្មោះត្រង់រវាងគ្រប់ភាគីពាក់ព័ន្ធ (រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍) ក្នុងការអភិវឌ្ឍទេសចរណ៍កម្ពុជា។

សូមរំលឹកថា វិស័យទេសចរណ៍កម្ពុជា ជាទេសចរណ៍វប្បធម៌ និងធម្មជាតិ បាននឹងកំពុងរីកចម្រើនយ៉ាងខ្លាំងក្លាជាលំដាប់ និងបានចូលរួមចំណែកប្រមាណជា ១២ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) តាមរយៈការបង្កើតនូវកាល្លានុភាពការងារ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បង្កើនចំណូលជាតិ ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងរូបិយប័ណ្ណអន្តរជាតិ ដែលជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រ ចូលរួមដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ស្របតាមទស្សនទាន «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»។

ជាមួយនឹងការប្រារព្ធពិធីទិវាទេសចរណ៍ពិភពលោក និងអបអរពិធីបុណ្យភ្ជុំបិណ្ឌ រាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តសេចក្ដីសម្រេចក្រមសីលធម៌វិជ្ជាជីវៈសាកលសម្រាប់វិស័យទេសចណ៍-UNWTO ដែលជាឯកសារយុទ្ធសាស្ត្រមូលដ្ឋាន ទ្រទ្រង់ដល់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវស្របតាមទស្សនទាន «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» ឬយើងអាចនិយាយបានថា «ទេសចរណ៍នៅកម្ពុជាមិនមែនជា Zero-sum Game»។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ ក៏បានប្រកាសផ្សព្វផ្សាយនូវស្ដង់ដាចំនួន៣ រួមមាន៖

១. ស្ដង់ដាភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ ដែលមាន ១០សូចនាករគោល ៣៩សូចនាករលម្អិត និង ១០៦លក្ខណៈវិនិច្ឆ័យ ដោយត្រូវបែងចែកជា ៥ប្រភេទចំណាត់ថ្នាក់ គឺចំណាត់ថ្នាក់ផ្កាយ១ ផ្កាយ២ ផ្កាយ៣ ផ្កាយ៤ និងផ្កាយ៥។

២.​ ស្ដង់ដាមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ដែលមាន ៧សូចនាករគោល ២១សូចនាករលម្អិត និង១០៥លក្ខណៈវិនិច្ឆ័យ សម្រាប់អាជីវកម្មខារ៉ាអូខេ ១១០លក្ខណៈវិនិច្ឆ័យ សម្រាប់អាជីវកម្មបៀរហ្គាឌិន ១២៧លក្ខណៈវិនិច្ឆ័យ សម្រាប់អាជីវកម្មឌីស្កូតែក ដោយធ្វើការបែងចែកជា ៣ចំណាត់ថ្នាក់ គឺផ្កាកេសរកូល (ផ្កាអ័រគីដេ) ១ទង ២ទង និង៣ទង

និង៣ .ស្ដង់ដា MICE កម្ពុជា មាន៣សូចនាករគោល ៤៨សូចនាករលម្អិត ១២៩លក្ខណៈវិនិច្ឆ័យ (១២៩ពិន្ទុ)។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ស្ដង់ដាចំណាត់ថ្នាក់ទំាង៣ ដែលធ្វើការផ្សព្វផ្សាយនេះ គឺដើម្បីពង្រឹងគុណភាពអាជីវកម្មសេវាកម្មទេសចរណ៍ស្របតាមយុទ្ធសាស្ត្រកំណែទម្រង់ «សេវាមួយ ស្ដង់ដាមួយ» ដោយទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនថែមទៀត ព្រមទាំងធានានូវសុវត្ថិភាពរបស់ភ្ញៀវទេសចរ។

ក្រសួងទេសចរណ៍ កន្លងមក ក៏បានដាក់ចេញនូវឯកសារស្ដង់ដាមួយចំនួន រួមមាន ១.ស្ដង់ដាសណ្ឋាគារបៃតងកម្ពុជា, ២.ស្ដង់ដាផ្ទះស្នាក់កម្ពុជា, ៣.ស្ដង់ដា MICE កម្ពុជា, ៤.ស្ដង់ដាបង្គន់សាធារណកម្ពុជា, ៥. ស្ដង់ដាមណ្ឌលព័ត៌មានទេសចរណ៍កម្ពុជា។ ស្របជាមួយនេះ ក្រសួងទេសចរណ៍ ក៏បានផ្សព្វផ្សាយអនុក្រឹត្យលេខ ១៩៩អនក្រ.បក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាសក្ដិរបស់មន្ត្រីអធិការកិច្ចទេសចរណ៍ ផងដែរ។

សូមជម្រាបថា ក្នុងឱកាសប្រារព្ធទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៦នេះ ក៏មានជាការប្រគល់ជយលាភីដល់បក្ខជន-បក្ខនារី ដែលឈ្នះក្នុងការប្រឡង ថតរូប Selfi កាលពីកំឡុងពេលព្រឹត្តិការណ៍ ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត នៅថ្ងៃ២៣ កញ្ញា ឆ្នាំ២០១៦ ផងដែរ៕