(បន្ទាយមានជ័យ)៖ ក្រោមការសម្របសម្រួល​ពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ស៊ាន សីុណាត ប្រធានសាខា សហការជាមួយអភិបាលក្រុងសិរីសោភ័ណ្ឌ លោក វ៉ៃ កេងលី មន្ទីរពាណិជ្ជកម្ម កម្លាំងនគរបាលប្រឆាំងបទល្មើស​សេដ្ឋកិច្ច ក្រសួង-ក្រុង នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបន្តយុទ្ធនាការ ចុះត្រួតពិនិត្យ និងដកហូតទំនិញដែលខូចគុណភាព នៅក្នុងផ្សារសិរីសោភ័ណ្ឌ ទីរួមខេត្តបន្ទាយមានជ័យ​។

លោក ហុង លៀង អនុប្រធានកាំកុងត្រូលទទួលបន្ទុកទីផ្សារ និងស្ថិតិ បានបញ្ជាក់ថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ក្រោមការណែនាំផ្ទាល់ពីលោក​ ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មសាខាកាំក្រុងត្រូល នៅទូទាំងប្រទេស ហើយជាលទ្ធផល មន្ដ្រីជំនាញដតហូតបាន ​ទឹកខ្មេះ ដបជ័រ រូបទន្សាយ៣១ដប
ម្សៅរ៉ូឌី១១កញ្ចប់ ទឹកក្រូច៥០ដប ត្រពាំងកំប៉ុង២៩ ទឹកក្រូច៣ដប និងផ្សិតកំប៉ុង២៤កំប៉ុង។

លោក បន្ថែមថា ក្រៅពីពិនិត្យទំនិញទាំងនេះ មន្រ្ដី ក៏បានពិនិត្យស្លាដក និងគ្រឿងឧបភោគ បរិភោគ វេចខ្ចប់សម្រាប់លក់ឲ្យប្រជាពលរដ្ឋ យកទៅប្រគេនព្រះសង្ឃ ហើយរកឃើញទំនិញ ខូចគុណភាពជាច្រើនផងដែរ ដែលនឹងត្រូវយកទៅដុតកម្ទេចចោល។

លោក ក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ព្រោះរដូវនេះ ជារដូវបុណ្យទានផង គឺលក់ដូរ និងចែកចាយតែ ទំនិញផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។

ជាមួយគ្នានោះដែរ មន្ដ្រីកាំកុងត្រូល បានបិទផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ អ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែល បណ្តាលការ បរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ៕