(ភ្នំពេញ)៖ ជំងឺឆ្កែឆ្កួត គឺជាជំងឺបណ្តាលមកពីវីរុស ដែលអាចបង្ការបាន ប៉ុន្តែកាចសាហាវដែលបាន និងកំពុងសម្លាប់មនុស្សពី ៣៥,០០០ ទៅ៥០,០០០នាក់ ទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។ បើតាមរបាយការណ៍របស់អង្គការ សុខភាព​ពិភពលោកបង្ហាញថា ៤០% នៃជនរងគ្រោះពីជំងឺនេះ គឺក្មេងដែលមានអាយុក្រោម១៥ឆ្នាំ ហើយជារៀងរាល់ឆ្នាំមាន​មនុស្សច្រើនជាង១៥លាននាក់ ទូទាំងពិភពលោកដែលបានចាក់ថ្នាំបង្ការជំងឺនេះក្រោយពេលសត្វខាំ។

សម្រាប់ឆ្នាំ២០១៦នេះ ទិវាពិភពលោក ប្រឆាំងជំងឺឆ្កែឆ្កួត ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «អប់រំចាក់ថ្នាំបង្ការលុបបំបាត់» ​នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមហ៊ុន សាណូហ្វីកម្ពុជា ដែលជាសាខាមួយ នៃ​ក្រុមហ៊ុនថែទាំសុខភាពឈានមុខគេ​ លំដាប់ពិភពលោក ក៏បានចូលរួមប្រារព្ធទិវាពិភពលោកប្រឆាំងជំងឺឆ្កែឆ្កួតនេះ​ផងដែរ នៅការិយាល័យកណ្តាលរបស់​ខ្លួន ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង និង​បុគ្គលិកទាំងអស់ នៃក្រុមហ៊ុនសាណូហ្វីកម្ពុជា។

នាយិកាគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជា លោកស្រី ដាវ ធូង៉ា (Ms. Dao Thu Nga) លើកឡើងថា​ ក្រុមហ៊ុនសាណូហ្វី តែងតែបេ្តជ្ញាធ្វើការងារដែលពាក់ព័ន្ធនឹងជំងឺសំខាន់ៗ នៅក្នុង​ប្រទេស​កម្ពុជា។ ជាក់ស្តែង ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនតែងតែគាំទ្រ និងចូលរួម​ប្រារព្ធទិវាប្រឆាំងជំងឺឆ្កែឆ្កួតនេះ​ ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ​អំពីជំងឺឆ្កែឆ្កួតនៅកម្ពុជា។​

លោកស្រី បន្ថែមថា យោងតាមការសិក្សារបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងចន្លោះពីថ្ងៃទី០១ ខែមករា ដល់ទី៣១ ខែធ្នូ ឆ្នាំ២០១៤​ មាន​មនុស្សចំនួន២១,៧៨២នាក់ ត្រូវបានបញ្ជូនមក ឬមកខ្លួនឯងដល់មជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត នៃវិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជា ដើម្បីចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតសរុបមានចំនួន១២៦,៣៨២លើក ហើយជំងឺនេះ អាចត្រូវបានចម្លងតាមរយៈឆ្កែ និងឆ្មា​នៅពេលវាខាំ ក្រញ៉ៅ ឬលិឍត្រង់កន្លែងមានរបួសបានដោយងាយ ដោយវាចម្លងមេរោគ LYSSA VIRUSES នៅពេលដែលអ្នកត្រូវបានខាំដោយសត្វឆ្កែ ឬឆ្មាដែលមានជំងឺនេះ ទឹកមាត់វានឹងចម្លងវីរុសនេះ ទៅជាជាលិកាក្រោម​ស្បែក និងសាច់ដុំ។

សូមជំរាបថា ជារៀងរាល់ឆ្នាំស្ទើរតែគ្រប់ប្រទេស រដ្ឋាភិបាល អង្គការ និងស្ថាប័ននានាតែងតែប្រារព្ធ និងរៀបចំបង្កើតកម្មវិធី «ទិវាពិភពលោកប្រឆាំងជំងឺឆ្កែឆ្កួត» ដើម្បីពង្រីកវិសាលភាពនៃ​ការយល់​ដឹងអំពី​ជំងឺនេះ និងបន្តលើកកម្ពស់នូវវិធីបង្ការ និងការពារនៅតំបន់សហគមន៍ដែលងាយរងគ្រោះពីជំងឺនេះ។ ការស្រាវជ្រាវមួយនៅផ្នែកអេពីដេមី​សាស្ត្រ និងផ្នែក វីរុសសាស្ត្រ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីកំណត់រកវិធីដែលល្អជាងគេទាំងប្រសិទ្ធភាព និងទាំងតម្លៃ​ សម្រាប់ការ បង្ការបឋម (មិនទាន់មានឆ្កែខាំ) និងសម្រាប់ការបង្ការជំងឺឆ្កែឆ្កួតលើមនុស្ស បន្ទាប់ពីត្រូវបានឆ្កែខាំក្នុង​ប្រទេសកម្ពុជា និងប្រទេសដទៃទៀត។ ការខិតខំប្រឹងប្រែងនេះ គឺដើម្បីជួយដល់ប្រជាជនកម្ពុជា ព្រមទាំងអាជ្ញាធរនានា ខណៈពួកគេ​កំពុងធ្វើការងារដើម្បីឆ្ពោះទៅរកគោលដៅ នៃការតាំងចិត្តរបស់សហគមន៍អាស៊ាន ដើម្បីលុបបំបាត់ជំងឺឆ្កែឆ្កួតទូទាំង​សកលលោកឲ្យបាននៅត្រឹមឆ្នាំ២០២០។

គួរបញ្ជាក់ថា ប្រសិនបើអ្នកត្រូវបានខាំ ក្រញ៉ៅ ឬរងរបួសតាមរូបភាពណាមួយក្តី ដោយសត្វឆ្មា ឬជាពិសេសដោយ​សត្វ​ឆ្កែ ដែលអ្នកគិតថាវាឆ្កួត អ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យកាន់តែឆាប់កាន់តែប្រសើរ ហើយប្រសិនបើអ្នកមិនបានចាក់​ថ្នាំបង្ការត្រឹមត្រូវ ហើយរង់ចាំរហូតដល់ចេញរោគសញ្ញានោះ អ្នកនឹងប្រឈមគ្រោះថ្នាក់ខ្ពស់រហូតដល់​បាត់បង់​ជីវិត។ បើអ្នកសង្ស័យថា អ្នកបានឆ្លងជំងឺនេះ សូមទៅ​ពិគ្រោះ​​យោបល់ជាមួយវេជ្ជបណ្ឌិតជាបន្ទាន់​ ដើម្បីទទួល​បានដំបូន្មាន ឬការចាក់ថ្នាំបង្កា ហើយបើអ្នកសង្ស័យថា មានការចម្លងជំងឺឆ្កែឆ្កួតនៅក្នុង​សហគមន៍របស់អ្នក អ្នកត្រូវបង្ខាំង​សត្វឆ្កែ​របស់អ្នក​ទុកក្នុងបរិវេណផ្ទះ និងចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត ដល់ឆ្កែរបស់អ្នក ​ដើម្បីការពារក្រុមគ្រួសារ​របស់អ្នក។

ក្នុងករណីមានឆ្កែខាំ លោកអ្នកគួរអនុវត្តវិធីបង្ការបឋមដូចជា ទី១-ត្រូវលាងសម្អាតមុខរបួសជាមួយទឹកសាប៊ូ ដោយម៉ត់ចត់ រយៈពេល១៥នាទី ប្រសិនបើគ្មាន​សាប៊ូ ត្រូវលាង​សម្អាតដោយប្រើទឹក​ស្អាត​ធម្មតា ទី២-លាបថ្នាំសម្លាប់មេរោគ (ថ្នាំកម្ចាត់មេរោគ POVIDONE) ទី៣-ចៀសវាងការដេរភ្ជិតមុខរបួសបើអាចធ្វើបានឆាប់ទៅពិគ្រោះ​ជាមួយមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត ក្រោយសត្វខាំជាបន្ទាន់៕