(ភ្នំពេញ)៖ ក្រសួងទេសចរណ៍រំពឹងថា នឹងមានកើនឡើងនៃភ្ញៀវទេសចរអន្ដរជាតិចិន មកកាន់កម្ពុជា នៅពេលមានជើងហោះហើរថ្មីមួយ ពីខេត្តក្វាងចូវ ប្រទេសចិន ដែលនឹងធ្វើការហោះហើរ​ត្រង់​មកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦។

លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងនៅរសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៦​ ក្នុងសន្និសិទការសែត ស្ដីពីការបើកជើងហោះហើរថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines បានឲ្យដឹងថា ការតភ្ជាប់ជើងហោះហើរនេះ នឹងជួយជំរុញនូវកំណើនទេសចរណ៍អន្ដរជាតិយ៉ាងច្រើន​​។

លោកបានឲ្យដឹងថា «ការតភ្ជាប់នេះសំខាន់ណាស់ សម្រាប់ការរួមចំណែក ជម្រុញកំណើនភ្ញៀវទេស​​ចរ ក៏ដូចជាកំណើនសេដ្ឋកិច្ច អ្នកវិនិយោគមកកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត ហើយអ្វី​ដែល​​កាន់តែពិសេសជាងនេះទៅទៀតនោះ តម្លៃនៃកាហោះហើរ ត្រឹមតែ៩០ដុល្លារតែប៉ុណ្ណោះ»

លោកបានបញ្ជាក់ថា វិស័យទេសចរណ៍ប្រទេសចិន គឺជាប្រភពទីផ្សារទេសចរណ៍ដ៏ធំរបស់កម្ពុជា ​​និងជាទីផ្សារសំខាន់បំផុត របស់កម្ពុជាក៏ដូចជាតាមដំបន់។ លោកបានបន្ដទៀតថា កាលពីឆ្នាំ២០១៥​កន្លងទៅ ទេសចរអន្ដរជាតិ បានចូលមកទស្សនាកម្ពុជា មានចំនួន ៤.៧លាននាក់ទទួលបានកំណើនចំនួន​​៦.១ភាគរយ បើប្រៀបធៀបជាមួយឆ្នាំ២០១៤ ដោយក្នុងនោះមានទេសចរចិន​ចំនួន​​​​៨១៩,៦១៨នាក់ កើន១៧.១ភាគរយបើធៀបនឹងឆ្នាំ២០១៤ នេះគឺជាសន្ទុះមួយយ៉ាងធំ។

លោក សូ ម៉ារ៉ា បានថ្លែងបន្ដទៀតថា ភ្ញៀវទេសចរចិនឈរក្នុងលំដាប់ថ្នាក់លេខ២ ក្នុងចំណោម​​ទេសចរទាំង១០ ដែលបានមកទស្សនាកម្ពុជា ហើយរយៈពេល៧ខែដើមឆ្នាំ​​២០១៦នេះ ចំនួនភ្ញៀវទេសចរអន្ដរជាតិ បានមកកម្ពុជាចំនួន២.៧លាននាក់ កើនឡើង៣.៤ភាគ​​រយដោយក្នុងនោះភ្ញៀវទេសចរចិនចំនួន ៤៤៤,៩៥៧នាក់កើនឡើង១២.៤ភាគរយ នេះបើធៀ​​ប​​ក្នុងរយៈពេល៧ខែដូចគ្នានៃឆ្នាំ២០១៥។

សូមបញ្ចាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines ជាសហគ្រាសឯកជន ដ៏ធំមួយរបស់ចិនដែល​​ត្រូវបានគ្របដណ្ដប់ លើវិស័យអាកាសចរណ៍ ទេសចរណ៍ និងការធ្វើដំណើរ សណ្ឋាគារ វិនិយោគ ​​ការតាំងពិព័រណ៍ ប្រព័ន្ធបង់ថ្លៃហិរញ្ញវត្ថុ និងជួលយន្ដហោះ៕