​(ប៉ៃលិន)៖ ក្រុមការងារមូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេង សាខាខេត្តប៉ៃលិន នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះសួរសុខទុក្ខ និងបាននាំយកថវិកាមូលនិធិមនុស្សធម៌ សម្តេចក្រឡាហោម ស ខេង ទៅផ្តល់ជូន ប្រជាពលរដ្ឋសម្រាលកូន​២គ្រួសារ នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្នុង​នោះដែល ក្រុមការងារ ក៏បាន​នាំនូការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេច​ ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំង២គ្រួសារ ផងដែរ។

អំណោយដែលបានប្រគល់ជូនក្នុងឱកាសនោះ រួមមាន ក្នុងមួយគ្រួសារៗ ទទួលបានថវិកា ២០០,០០០រៀល និងគ្រឿងឧបភោគ បរិភោគ មួយចំនួន​។

សូមបញ្ជាក់ថា មូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេង ទើបតែបានបង្កើតឡើងក្នុងខេត្តប៉ៃលិន និងដំណើរការចាប់ពីខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងគោលបំណង ផ្តល់ប្រាក់ឧបត្ថម្ភជូនដល់ ស្រ្តីសម្រាលកូន និងប្រាក់ចូលរួមរំលែកទុក្ខបុណ្យសព ជូនប្រជាពលរដ្ឋដែលមានទីលំនៅអចិន្រ្តៃយ៍ នៅខេត្តប៉ៃលិន ដោយមិនប្រកាន់និន្នាការនយោបាយ សាសនាឡើយ និងក្រោមការគ្រប់គ្រងផ្ទាល់ពី​ នាយឧត្តមសេនីយ៍ អ៉ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តប៉ៃលិន៕