(ភ្នំពេញ)៖ ទូរហ្គេមប្រភេទបាញ់ត្រី និងហ្គេមបៀរចំនួន៥៧ទូរ ត្រូវបានអាជ្ញាធរខណ្ឌទួលគោក ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលខណ្ឌ និងលោក ប៉ាង​ លីដា ជាអភិបាលរងខណ្ឌ រួមទាំងមន្រ្តីសាលាខណ្ឌ បានធ្វើពិធីវាយកម្ទេចចោល ដើម្បីឈានទៅដល់ការលុបបំបាត់ឲ្យអស់ហ្គេមស៊ីសង គ្រប់ប្រភេទនៅក្នុងមូលដ្ឋានខណ្ឌ សំដៅធ្វើយ៉ាងណាឲ្យភូមិ-សង្កាត់ មានសុវត្ថិភាព។

ការវាយកម្ទេចនេះ ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ទូហ្គេមទាំងអស់នេះ រួមមាន ទូហ្គេមបាញ់ត្រី​១២ទូរ និងហ្គេមបៀរ ៤៥ទូរ ដែលទូរហ្គេមទាំងនេះ បានមកពីការបង្ក្រាបនាពេលកន្លងមក។

​លោក ឯក ឃុនដឿន លើកឡើងថា ដើម្បីលុប​បំបាត់​ល្បែង​ស៊ីសង​ ក្នុង​មូលដ្ឋាន​ស្រប​តាម​គោល​នយោ​បាយ​ភូមិ​-​សង្កាត់ ​មានសុវត្ថិភាព និង​ដើម្បី​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​ឱ្យ​បាន​ល្អ​ផង​ដែរនោះ ហើយទូ​ហេ្គ​ម​ទាំង​៥៧ទូ​រនេះ ត្រូវ​បាន​រឹបអូស​ពី​កន្លែង​ធើ្វ​អាជីវកម្ម​ខុសច្បាប់ ​ជា​ច្រើន​កន្លែង​ នៅ​ក្នុងមូលដ្ឋាន​ខណ្ឌទួលគោក​ ខណៈ​ដែល​ពួក​គេ​លួចបើក​លេង​ទាំង​យប់​ទាំងថ្ងៃ​ ដោយ​ពុំ​មាន​សុំ​ការ​អនុញ្ញាត​​។ លោកអភិបាលខណ្ឌ បញ្ជាក់ថា «នៅពេលខាងមុខនេះ ការបង្ក្រាបទូរហ្គេម ទោះបីមានចំនួនប៉ុន្មានក៏ដោយ បើចាប់បាននៅផ្ទះណាហើយនោះ គឺកម្លាំងរបស់យើងឃ្លុំបេ ដោយរក្សាទូរហ្គេមទាំងនោះនោះក្នុងផ្ទះតែម្តង»

​គួររំលឹកផងដែរ ទូ​ហេ្គ​ម​ទាំងនេះ​ គឺជា​ប្រភេទ​ហេ្គ​ម​ល្បែង​ស៊ីសង ដែល​ធើ្វ​បង្វក់សិស្សានុសិស្ស និងយុវវ័យមួយ​ចំនួន លះបង់​ការ​សិក្សា​ចូល​ទៅ​លេង​ហេ្គ​ម ទាំងនោះដែរបំផ្លាញ​លុយ ​ឬ​ទ្រព្យសម្បត្ដិ​របស់​អាណាព្យាបាល និងបង្កើតជាអំពើ​​​លួច ឆក់ ប្លន់ ដែរបង្កអសន្ដិសុខ​សង្គម​ជាដើម​៕