(ចិន)៖ កម្មវិធីជំនួបកំពូលទេសចរណ៍អន្តរជាតិ-ខេត្តហៃណាន ឆ្នាំ២០១៦ ដែលមានរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ បានប្រព្រឹត្តិទៅដោយរលូន នៅខេត្តហៃណាន ប្រទេសចិន ស្របតាមកម្មវិធី ដែលបានគ្រោងទុក។

ក្នុងឱកាសនៃកម្មវិធីជំនួបកំពូលទេសចរណ៍អន្តរជាតិ-ខេត្តហៃណាន ឆ្នាំ២០១៦នេះ នាថ្ងៃទី២៧ ខែកញ្ញា បណ្តាប្រតិភូក្នុងវិស័យទេសចរណ៍ ចំនួន៨ប្រទេស រួមមាន ប្រទេសឡាវ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ កម្ពុជា ឥណ្ឌា និងសិង្ហបូរី រួមនិងទីភ្នាក់ងារទេសចរណ៍ចំនួន១០ មកពីប្រទេសកម្ពុជា ក្នុងនោះមាន ទីភ្នាក់ងារទេសចរណ៍ CH World Travel, BCTS, WANLI, ស្រីរ័ត្ន , POS, RTR, SAKONA, STB, KL និង DL បានមកជួបជុំគ្នា ដើម្បីបើកកិច្ចប្រជុំរួមគ្នាមួយ សំដៅលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ ឱ្យកាន់តែប្រសើរឡើង ដោយក្នុងនោះមាន ការធ្វើបទបង្ហាញពីបណ្តាប្រតិភូទេសចរណ៍ទាំង៨ប្រទេស និងការបង្ហាញនូវរូបភាពវីដេអូខ្លីៗ ស្តីពីសក្តានុពលទេសចរណ៍ ក្នុងប្រទេសនីមួយៗ។

លោក តាំង កក់ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងជាអគ្គនាយកក្រុមហ៊ុនទេសចរណ៍ CH World Travel និងជាតំណាងទីភ្នាក់ងារទេសចរណ៍ទាំង១០ មកពីកម្ពុជា បានលើកឡើងថា បច្ចុប្បន្ន វិស័យទេសចរណ៍នៅកម្ពុជា កំពុងមានការរីកចម្រើន គួរឱ្យកត់សម្គាល់ ដោយសារតែកម្ពុជា មានតំបន់ទេសចរណ៍ជាច្រើន គ្រប់ខេត្តក្រុង ដែលជាការទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ គួបផ្សំនិងកម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសង្គមល្អប្រសើរផងនោះ ទើបធ្វើឱ្យកម្ពុជា មានកំណើនភ្ញៀវទេសចរ យ៉ាងច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ។

លោក តាំង កក់ បានបញ្ជាក់ថា ដើម្បីធានាដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ ជាសេនាធិការ កំពុងយកចិត្តទុកដាក់គិតគូរ ជាចំបង ក្នុងការលើកកម្ពស់គុណភាព សេវាកម្មទេសចរណ៍ ព្រមជាមួយនិងការធានាឱ្យបាននូវនិរន្តរភាព និងតុល្យភាព ខាងផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន តាមរយៈការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ពិសេស អេកូទេសចរណ៍ ដែលទើបងើបឡើងថ្មីៗ និងមានកំណើនខ្ពស់ ក្នុងសតវត្សរ៍ទី២១នេះ ដែលជាសកម្មភាពទេសចរណ៍ មានការទទួលខុសត្រូវ នៅក្នុងតំបន់ទេសចរណ៍ធម្មជាតិ។

លោកបន្ថែមថា តំបន់អេកូទេសចរណ៍ នៅភូមិភាគឥសាន្ត តំបន់ជីវៈចំរុះ បឹងទម្លេសាប ទន្លេមេគង្គ តំបន់ជួរភ្នំក្រវ៉ាញ និងភូមិភាគនារតីជាប់តំបន់ឆ្នេរ ពិសេស ឆ្នេរសមុទ្រកម្ពុជា ដែលជាសមាជិកក្លឹបឆ្លេរសមុទ្រស្អាតបំផុត លើសកលលោក ដែលត្រូវបានប្រសិទ្ធនាមថា ជាតារារះនាទិសនិរតី គឺពិតជាសក្តានុពលដ៏ធំធេង សម្រាប់វិស័យអេកូទេសចរណ៍កម្ពុជា ដែលអាចទាក់ទាញទេសចរណ៍ប្រភេទនេះ បានយ៉ាងច្រើន នៅអនាគត ព្រមជាមួយនិងសក្តានុពលទេសចរណ៍ វប្បធម៌ដ៏សំបូរបែប។

លោក តាំង កក់ រំពឹងថា ក្រោយពីបញ្ចប់កិច្ចប្រជុំនេះ នឹងមានលំហូរភ្ញៀវទេសចរ ចិន មកទស្សនាកម្ពុជា កាន់តែច្រើនឡើង តាមរយៈជើងហោះហើរដោយផ្ទាល់ ពីខេត្តហៃណាន ប្រទេសចិន មកកាន់កម្ពុជា ហើយឯកឧត្តមក៏នឹងជំរុញការផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍ នៅក្នុងខេត្តហៃណាន ឱ្យប្រជាពលរដ្ឋខ្មែរ បានដឹង តាមរយៈមន្ត្រីទូរទស្សន៍ជាតិកម្ពុជា ចំនួន ២រូប ដែលត្រូវបានអញ្ជើញ ឱ្យចូលរួម ដើម្បីផ្តិតយករូបភាព ស្តីពីកម្មវិធីជំនួបកំពូលទេសចរណ៍អន្តរជាតិ-ខេត្តហៃណាន ឆ្នាំ២០១៦ ក៏ដូចជា តំបន់ទេសចរណ៍នានា នៅក្នុងខេត្តហៃណាន នេះផ្ទាល់ ដើម្បីឱ្យប្រជាជនកម្ពុជា បានទស្សនា ស្វែងយល់កាន់តេច្បាស់ថែមទៀត អំពីតំបន់ទេសចរណ៍ ដ៏គួរឱ្យទាក់ទាញ នៅក្នុងខេត្តហៃណាន ទាំងមូល។

ក្នុងឱកាសនោះ លោក តាំង កក់ ក៏បានបង្ហាញនូវ រូបភាពវីឌេអូខ្លី ស្តីពី កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ឬ Cambodia Kingdom of Wonders ដែលផលិតដោយក្រសួងទេសចរណ៍ ជូនដល់ប្រតិភូទេសចរណ៍នៃបណ្តាប្រទេស ចំនួន ៧ទៀត បានទស្សនា ហើយប្រតិភូទេសចរណ៍នៃបណ្តាប្រទេស ចំនួន ៧ទៀតនោះ ក៏បានបង្ហាញពីរូបភាពវីដេអូ ស្តីពីសក្តានុពលនៃតំបន់ទេសចរណ៍ នៃបណ្តាប្រទេសរៀងៗខ្លួន ជូនដល់ប្រតិភូទាំងអស់ បានទស្សនាស្វែងយល់។

បន្ទាប់មក លោក តាំង កក់ ក្នុងនាមតំណាងឱ្យទីភ្នាក់ងារទេសចរណ៍ទាំង១០ របស់កម្ពុជា ក៏បានចុះហត្ថលេខា ជាមួយប្រតិភូខេត្តហៃណាន លើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាកញ្ចប់ លើសេវាកម្មទេសចរណ៍ ដែលក្នុងនោះ ក៏រួមមាន ការហោះហើរដោយផ្ទាល់ពីខេត្តហៃណាន មកកម្ពុជាតែម្តង៕