(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះអនុស្សារណៈយោគយល់ (MoU) ជាមួយក្រុមហ៊ុន «ថបហ្វាយអឺសេហ្វធីកម្ពុជា-Top Fire Safety» លើផ្នែកបណ្ដុះបណ្ដាល ការបង្ការ និងពន្លត់អគ្គិភ័យ ដល់មន្ដ្រីនគរបាលជំនាញពន្លត់ អគ្គិភ័យ រយៈពេល២០ឆ្នាំ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនអគ្គិភ័យ តំណាងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាមួយលោក ​ចូវ យ៉ុងណាន អគ្គនាយកក្រុមហ៊ុន «Top Fire Safety Cambodia»។ ក្នុងនោះដែរ ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ដែលបានប្រារព្ធឡើង នៅអគ្គស្នងការនគរបាលជាតិ។

នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានបញ្ជាក់ថា «ការបណ្ដុះបណ្ដាលនេះ គឺដើម្បីឲ្យមន្រ្ដីនគរបាលជំនាញក្លាយជាគ្រូបង្គោល ហើយក្រោយពីបានចំណេះនេះទៅ មន្ដ្រីនគរបាលដែលជាគ្រូនេះ នឹងទៅបង្រៀនមន្រ្ដីនគរបាល តាមបណ្ដាខេត្ត-រាជធានី ទូទាំងប្រទេស បន្ដទៀត»

នាយឧត្តមសេនីយ៍ បានបន្ថែមថា ការចុះអនុស្សារណៈថ្ងៃនេះ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះថាក្រុមហ៊ុនមានបច្ចេកទេស មានសម្ភារៈទំនើប ហើយខាងអគ្គស្នងការនគរបាលជាតិ មានធនធានមនុស្ស ដើម្បីសហការគ្នាវិស័យការពារ និងពន្លត់អគ្គិភ័យ។

នាយឧត្តមសេនីយ៍ អគ្គស្នងការរង បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន «Top Fire Safety Cambodia» ដែលនឹងជួយបណ្ដុះបណ្ដាល ដល់មន្ដ្រីនគរបាលកម្ពុជា ហើយនាយឧត្តមសេនីយ៍ ក្នុងតំណាងឲ្យមន្ដ្រីនគរបាល អគ្គិភ័យទាំងអស់ នឹងខិតខំសហប្រតិបត្តិការ ល្អនៅក្នុងអនុស្សារណៈនេះ ឲ្យដំណើរការទាំងធនធានមនុស្ស ទាំងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ទៅបានយ៉ាងរលូន។

លោក ​ចូវ យ៉ុងណាន អគ្គនាយកក្រុមហ៊ុន «Top Fire Safety Cambodia» ក៏បានលើកឡើងផងដែរថា មូលហេតុដែលនាំឲ្យក្រុមហ៊ុន របស់លោក មកចុះអនុស្សារណៈយោគយល់នៅថ្ងៃនេះ ក៏ព្រោះតែកម្ពុជាបានក្លាយ ជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយក្រុមហ៊ុនរបស់លោក នឹងសហការជាមួយអគ្គស្នងការនគរបាលជាតិ ដើម្បីលុបបំបាត់ចោលទាំងស្រុងនូវគ្រោះអគ្គិភ័យ​ ជាពិសេសក្រុមហ៊ុនរបស់លោក មានអ្នកជំនាញខ្ពស់ផ្នែកអគ្គិភ័យ ដែលនឹងធ្វើកា​រសហការគ្នាជាមួយ អគ្គស្នងការនគរបាលជាតិ និងដើម្បីជួយដល់ប្រជាជនកម្ពុជា ឲ្យគេចផុតពីគ្រោះអគ្គិភ័យ។

លោកបន្ថែមថា ការបណ្ដុះបណ្ដាលនេះ គឺធ្វើឡើងរយៈពេល២០ឆ្នាំ ដែលអំឡុងពេលនេះ កិច្ចសន្យាព្រមព្រៀងនេះ គឺខាងក្រុមហ៊ុនទទួល ខុសត្រូវលើការងារបណ្តុះបណ្តាលជំនាញ លើមន្រ្តីពន្លត់អគ្គិភ័យ ក៏ដូចជាផ្គត់ផ្គង់នូវសម្ភារៈពន្លត់អគ្គិភ័យនេះ។

លោកអគ្គនាយក ក៏បានថ្លែងអំណរគុណដល់ អគ្គស្នងការនគរបាលជាតិ ដែលបានសហការជាមួយក្រុមហ៊ុន «Top Fire Safety Cambodia» ហើយក្រុមហ៊ុននឹងខិតខំ ឲ្យអស់ពីសមត្ថភាព ដើម្បីជួយដល់ប្រជាជនកម្ពុជា។

ជាមួយគ្នានេះ ក្រុមហ៊ុន «Top Fire Safety Cambodia» ក៏បានសម្ភោធ ដំណើរការលក់ជាផ្លូវការ នៅរសៀលថ្ងៃដដែលនេះ ផងដែរ។

ក្នុងនោះ លោកឧត្តមសេនីយ៍ត្រី នេត វន្ថា ក៏បានលើកឡើងថា អង្គភាពរបស់លោក​ ពិតជាមានមោទនភាពណាស់ ដែលបានការគាំទ្រ ពីអ្នកវិនិយោគខាងក្រៅ ជាពិសេសវិស័យប្រព័ន្ធបង្ការ ពន្លត់អគ្គីភ័យ បន្ទាប់ពីច្បាប់អគ្គិភ័យបានចូលជាធរមានថ្មីៗនេះ។

លោកឧត្តមសេនីយ៍ត្រី បានបន្ថែមថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើន បានសម្លឹងមកទីផ្សារកម្ពុជា ពាក់ព័ន្ធជាមួយប្រព័ន្ធបង្ការ ពន្លត់ អគ្គិភ័យ ដោយចង់ឲ្យប្រជាពលរដ្ឋខ្មែរ អ្នកវិនិយោគខ្មែរ អ្នកប្រើប្រាស់អគារទាំងឡាយនៅកម្ពុជា គឺមានសុវត្ថិភាព ផ្នែកខាងសំណង់ ជុំវិញបញ្ហាអគ្គិភ័យ។

ឧត្តមសេនីយ៍ត្រី នេត វន្ថា បន្ដថា នៅពេលខាងមុខឆាប់ៗនេះក្រុមហ៊ុន «Top Fire Safety» នឹងសហការជាមួយនាយកដ្ឋានអគ្គិភ័យ ដើម្បីធ្វើការបំពាក់ ឬណែនាំដល់ប្រជាពលរដ្ឋឲ្យគិត និងរៀបចំប្រព័ន្ធបង្ការ ពន្លត់អគ្គីភ័យ ទៅតាមអគារ សំណង នីមួយៗ ឲ្យល្អប្រសើរ ជៀសវាងគ្រោះអគ្គិភ័យកើតឡើង។

សូមបញ្ជាក់ថា ក្រុមហ៊ុន «Top Fire Safety» ជាក្រុមហ៊ុនដែលមានបទពិសោធន៍ខ្ពស់ក្នុងការរចនាប្លង់អគ្គិភ័យ និងដំឡើងប្រព័ន្ធសុវត្ថិភាព អគ្គិភ័យទៅតាមបទដ្ឋានបច្ចេកទេសជាតិ និងអន្ដរជាតិ ហើយក្រុមហ៊ុន ក៏មានផ្គត់ផ្គង់សម្ភារៈអគ្គិភ័យដូចជា ឧបករណ៍ពន្លត់អគ្គិភ័យ ដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ មានទំហំតូច ស្អាត មានលក្ខណៈងាយស្រួល ក្នុងការយកទុកដាក់តាមខ្លួននិងប្រើប្រាស់ មានប្រសិទ្ធិភាពខ្ពស់ ក្នុងការពន្លត់ ហើយក៏មានផ្គត់ផ្គង់ទៅលើទ្វារសុវត្ថិភាព ឯកសណ្ឋានពន្លត់អគ្គិភ័យ និងម៉ាសសុវត្ថិភាព អគ្គិភ័យជាដើម៕