(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពន្យារពេលបង់ពន្ធ លើអចលនទ្រព្យសម្រាប់ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦។

ការពន្យារពេលនេះ បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារពិនិត្យឃើញថា រហូតកមទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបានមក ប្រកាសបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៦ ហើយក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនតូចផ្សេងទៀត នៅមិនទាន់បានបំពេញកាតព្វកិច្ច បង់ពន្ធប្រភេទនេះ នៅឡើយទេ។

អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងទៀតថា ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្ដល់លទ្ធភាពជូនម្ចាស់ អចលនទ្រព្យដែលមិនទាន់បានមក ប្រកាសបង់ពន្ធមានពេលវេលាគ្រប់គ្រាន់ ក្នុងការមកប្រកាសបង់ពន្ធនេះ អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេលនៃការប្រកាស បង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៦នេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦។

សូមបញ្ជាក់ថា ម្ចាស់អចលនទ្រព្យទាំងឡាយ ដែលមិនមកប្រកាសបង់ពន្ធក្នុងអំឡុងពេល ឬក្រោយការពន្យារពេលខាងលើនេះ នឹងត្រូវទទួលរងនូវទោសទណ្ឌ ស្របតាមច្បាប់ស្ដីពីសារពើពន្ធ ជាធរមាន៕