(ភ្នំពេញ)៖ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានបិទបញ្ចប់ហើយនៅម៉ោងជាង១១៖០០ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយអង្គប្រជុំនេះ បានច្រានចោលសំណើមួយ របស់ក្រសួងយុត្តិធម៌ ដែលស្នើឱ្យមានការលើកអភ័យឯកសិទ្ធិ ​តំណាងរាស្រ្តបក្សប្រឆាំង លោក តុ វ៉ាន់ចាន់ និង លោក ពិន រតនា នៅក្នុងកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាខាងមុខ។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកមិញនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីថ្នាក់ដឹកនាំតំណាងរាស្រ្ត របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិផងដែរ។

សូមបញ្ជាក់ថា ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានធ្វើពហិកាមិនចូលប្រជុំសភាពេញអង្គ រយៈពេលជាង៤ខែមកហើយ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីតុលាការមានចំណាត់ការ លើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ជុំវិញករណីមិនចូលខ្លួន ធ្វើជាសាក្សីនៅក្នុងរឿងសញ្ចារកម្មមក៕