(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានសម្ភោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មីស្រឡាងមួយខ្នង សំរាប់ជាប្រយោជន៍ដល់សិស្សានុសិស្ស ក្នុងការក្រេបយកចំណេះវិជ្ជា និងជាគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៥ ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

អគារមួយខ្នងកំពស់២ជាន់មាន១០បន្ទប់ ស្ថិតក្នុងបរិវេណវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ រាជរដ្ឋាភិបាល បានជំរុញឲ្យមានការបែងចែកអំណាចសម្រាប់​វិស័យអបរំទៅឲ្យថ្នាក់ក្រោមជាតិទទួលរ៉ាប់រង ដើម្បីធានាបាននូវគុណភាព អប់រំ និងសិទ្ធិទទួលបានការសិក្សាទាំងអស់គ្នា។ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា រាជរដ្ឋាភិបាលនៅតែបន្តខិតខំ​អភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈលើកកម្ពស់វិស័យអប់រំ និងការបែងចែកអំណាចទៅដល់វិស័យនេះ។ សម្តេចក្រឡាហោម បន្តថា «មានធនធានមនុស្ស គឺមានអ្វីៗទាំងអស់។ដូច្នេះហើយទើបរាជរដ្ឋាភិបាលខិតខំជំរុញ និងធ្វើកំណែទម្រង់វិស័យអប់រំ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស បើទោះជាមិនទាន់ជោគជ័យគួរជាទីពេញចិត្តនៅឡើយក្តី»។ សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា ការអបរំ គឺជាការងារដ៏សំខាន់មួយ ដែលត្រូវបានរាជរដ្ឋាភិបាល បែងចែកអំណាចទៅឲ្យថ្នាក់ក្រោមជាតិទទួលខុសត្រូវ។

អគារសិក្សានេះ ធ្វើពីឥដ្ឋប្រក់ក្បឿង កម្ពស់៣ជាន់ រាប់ទាំងជាន់ផ្ទាល់ដី មានទំហំទទឹងប្រវែង៩ម៉ែត្រ និងបណ្តោយប្រវែង៤៨ម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ក្នុងខែសីហា ឆ្នាំ២០១៥ និងបញ្ចប់ជាស្ថាពរនៅខែឧសភាឆ្នាំ២០១៦។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រៅពីសំណង់អគារសិក្សានេះ ក៏ មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀត គិតជាទឹកប្រាក់ក្នុងការចំណាយជាង ១.៥៩៣ពាន់លានរៀន ដែលជាកញ្ចប់ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ។ ឯ.ឧ មានប្រសាសន៍ថា អគារសិក្សាថ្មី និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ នឹងក្លាយជាធាតុចូល​បន្ថែមដ៏សំខាន់ ក្នុងការកសាងមូលធនមនុស្សនៅកម្ពុជា ពិសេសចូលរួមចំណែកយ៉ាងសកម្ម ក្នុងការសាបព្រោះចំណេះដឹង និងបណ្តុះបណ្តាលស្មារតីសិស្សានុសិស្ស គ្រប់រូបឲ្យមានមោទនភាពជាតិ មានសីលធម៌ល្អ សុចរិតធម៌ និងគុណធម៌ខ្ពស់ ព្រមទាំងមាន សុទិដ្ឋិនិយម ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន។ លោកអភិបាលបញ្ជាក់ថា «អគារសិក្សា១ខ្នងនេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ផ្តល់ជូនវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ដើម្បីរួមចំណែកពង្រឹងគុណភាពអប់រំ អភិវឌ្ឍន៍ធនធានមនុស្ស និងពង្រីកការផ្តល់សេវាអប់រំ ក្នុងមូល ដ្ឋាននេះឲ្យកាន់តែប្រសើរឡើង»

កាលពីឆ្នាំ១៩៧៩-១៩៨០ នៅទូទាំងរាជធានីភ្នំពេញ មានតែសាលាបឋមសិក្សាចំនួន៤០ទីតាំង អនុវិទ្យាល័យ៣ទីតាំង និងគ្មានវិទ្យាល័យនោះឡើយ ព្រមទាំងមានសិស្សចូលរៀនត្រឹមតែ​ជាង៤ម៉ឺននាក់​ប៉ុណ្ណោះ។ ប៉ុន្តែរហូតមកដល់ឆ្នាំសិក្សា២០១៥-២០១៦ សាលាបឋមសិក្សា បានកើនឡើងដល់១៦៤ទីតាំង អនុវិទ្យាល័យចំនួន៣២ទីតាំង វិទ្យាល័យចំនួន៣៤ទីតាំង និងសាលាមតេយ្យសិក្សា មានចំនួន២៤ទីតាំង ព្រមទាំងមានសិស្សចូលរៀនជាង​ ៣០ម៉ឺននាក់៕