(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយលោកស្រី ងៀន ធីគីមងាន (Nguyen Thi Kim Ngan) ប្រធានសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបថា លោកស្រីប្រធានសភា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីថ្នាក់ដឹកនាំវៀតណាម ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ហើយក៏បានសម្តែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ ស្តីពីការអភិវឌ្ឍរបស់កម្ពុជា យើងយ៉ាងឆាប់រហ័ស។

លោកស្រីក៏បានជម្រាបជូនថា ដំណើរទស្សនកិច្ចរបស់លោកស្រី ដែលបានដឹកនាំគណៈប្រតិភូវៀតណាម មកកាន់កម្ពុជា នាពេលនេះ គឺមានអាទិភាពចំបង ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង រវាងប្រទេសទាំងពីរ ដែលមានស្រាប់ ហើយលោកស្រីបានប្តេជ្ញា ធ្វើការយ៉ាងជិតស្និទជាមួយនឹង រដ្ឋសភា​ និងព្រឹទ្ធសភាកម្ពុជា ដើម្បីទទួលបានជោគជ័យ ក្នុងការជំរុញ និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែល្អថែមទៀត។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ការផ្តាំសួរសុខទុក្ខអំពីថ្នាក់ដឹកនាំវៀតណាម ហើយសម្តេចក៏បានយល់ស្រប ចំពោះការវាយតម្លៃអំពីប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

សម្តេចបានបញ្ជាក់ថា «យើងបានមានការជួបប្រជុំជាប្រចាំ រវាងខេត្តនិងខេត្ត រវាងអង្គភាពនិងអង្គភាព ហើយនៅពេលនេះ មានការពង្រឹងទំនាក់ទំនងគ្នា រវាងស្ថាប័ននិតិបញ្ញាត និងនិតិបញ្ញាតទៀត។ ទាំងនេះយើងមានទិសដៅរួមគ្នា គឺបំពេញឲ្យគ្នាទៅវិញទៅមក ធ្វើយ៉ាងណាឲ្យប្រជាជនប្រទេសទាំងពីរ មានជីវភាពកាន់តែល្អប្រសើរឡើង»។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ជូនចំពោះប្រជាជន និងរដ្ឋាភិបាលវៀតណាម ដែលកន្លងមកជួយសម្រួលឲ្យប្រជាជនកម្ពុជាយើង បានឆ្លងទៅពិនិត្យ និងព្យាបាលសុខភាព នៅប្រទេសវៀតណាម ជាពិសេសប្រជាជន ដែលកំពុងរស់នៅតាមព្រំប្រទល់៕