(ប៉ៃលិន)៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោក​ កើត សុធា ​អភិ​បាល​ខេត្ត​ប៉ៃលិន​​ និងគណៈប្រតិភូ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ​បាន​​ចុះ​ពិនិត្យមើលផ្លូវស្រប ១ខ្សែនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ មានប្រវែង២០គីឡូម៉ែត្រ ដែលទើបកសាងរួចរាល់​ ១០០ភាគរយ ក្នុងជំហានទី១។

​លោក​ កើត សុធា អភិបាល​ខេត្តប៉ៃលិន​​ បានឱ្យដឹងថា​​ ផ្លូវ១ខ្សែនេះ នឹងត្រូវកសាងបន្ត ជាជំហានៗ រហូតផ្សារភ្ជាប់ផ្លូវ ក្រវ៉ាត់ព្រំដែនដែលកំពុង កសាងចេញពីខេត្តកោះកុង ឆ្ពោះមកតភ្ជាប់គ្នានឹងខ្សែផ្លូវនេះ តាមចក្ខុវិស័យក្នុងយុទ្ឋសាស្រ្តបម្រើប្រជាពលរដ្ឋ ក្នុងរយៈ​ពេល​យូរអង្វែងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ផ្លូវមួយខ្សែរស្របព្រំដែនកម្ពុជា-ថៃនេះ មាន​សក្តានុពលលើវិស័យ​ការពារជាតិ និងបង្កលក្ខណៈងាយស្រួល ដល់ការដឹកជញ្ជូន កសិផល​របស់ប្រជាកសិករ តាមព្រំដែនទៅ​កាន់​ទីផ្សារ បានឆាប់រហ័ស កាត់បន្ថយការ​ចំណាយលើការដឹកជញ្ជូន ស្មើនឹងការបង្កើន តម្លៃ​កសិផលរបស់ប្រជាពលរដ្ឋ។

ជាក់ស្តែងនៅតំបន់ព្រំដែន ក្នុង​ភូមិសាស្ត្រ ខេត្តប៉ៃលិន បានកំពុងជំរុញបន្ថែម នូវការពង្រឹងកិច្ចសហប្រតិ្តបតិការជាមួយ ប្រទេសថៃជាមិត្ត ដើម្បីប្រែក្លាយ​តំបន់ព្រំដែនរវាងប្រទេសទាំងពីរឲ្យទៅជាព្រំដែន មួយ​ដែលមានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តការ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ សំដៅ​លើកស្ទួយជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមតំបន់ព្រំដែននៃ ប្រ​ទេស​​​ទាំងពីរឲ្យល្អប្រសើឡើង។

​លោករដ្ឋមន្ដ្រី អ៊ុក រ៉ាប៊ុន បានឱ្យដឹងថា ផ្លូវលំមួយខ្សែនេះ មានប្រវ៉ែង២០គីឡូម៉ែត្រ ទទឹង​៩ម៉ែត្រ ធ្វើស្ពាន​៥កន្លែង ដាក់លូ២៩កន្លែង លូប្រអប់​​៩កន្លែង ហើយកសាងចាប់ពី​ផ្លូវ​បំបែក​​ផ្លូវ​ជាតិ​លេខ៥៧ ត្រង់ចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុក​សាលា​ក្រៅ ឆ្ពោះទៅដល់ចំណុចអូរអែម ភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយផ្លូវនេះ គឺជាផ្លូវក្រាលគ្រួសក្រហមជំហានដំបូងស្របតាម បណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ជាគម្រោងថវិកា​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ អនុវត្តគម្រោងដោយកង​វិស្វកម្ម នៃ​​ក្រសួងការពារជាតិ ដែលចាបផ្តើមកសាងនៅដើមឆ្នាំ២០១៦។ លោករដ្ឋមន្ដ្រីបន្ថែមថា ពេលត្រលប់ទៅវិញលោក នឹងពិនិត្យមើលគម្រោងលទ្ធភាព ដើម្បីកសាងផ្លូវនេះបន្តទៀត រហូតដល់តភ្ជាប់ ជាមួយផ្លូវដែលកំពុងធ្វើពី ខេត្តកោះកុងទៅតាមផែនការ៕