(ភ្នំពេញ)៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកកបាទក្រកម្ពុជាប្រចាំខណ្ឌ បាននាំយកអំណោយជាច្រើនរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះចែកជូនប្រជាពលរដ្ឋក្រីក្រ៥១គ្រួសារ និងអង្គការក្មេងកំព្រា រស្មីកុមារកំព្រា និងបានលើកទឹកចិត្តទៅកាន់ពលរដ្ឋក្រីក្រ កុំឱ្យមានការអស់សង្ឃឹមនឹងជីវិតក្រលំបាក ព្រោះមានកាកបាទក្រហមកម្ពុជានៅចាំជួយជានិច្ច ពិសេសសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន «សុខទុក្ខរបស់ពលរដ្ឋ ក៏ដូចជាសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធដែរ»

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងពិធីចែកអំណោយមនុស្សធម៌របស់ សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនដល់ពលរដ្ឋក្រីក្រចំនួន ៥១គ្រួសារ ដែលរស់នៅក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ប្រព្រឹត្តិទៅក្នុងបរិវេណ វត្តចាក់អង្រែលើ នារសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។

លោក ឌី រ័ត្នខេមរុណ បានបញ្ជាក់ថា អំណោយចែកជូនក្នុង១គ្រួសារៗ ទទួលបានអង្គរ១បាវ (ទម្ងន់៣០គីឡូក្រាម) ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ស្ករស១គីឡូ ទឹកដោះគោ២កំប៉ុង មីយើង១កេស ឃីត១ឈុត (មុង ភួយ ក្រមា) និងថវិការចំនួន ៣ម៉ឺនរៀល សម្រាប់យកទៅធ្វើម្ហូបអាហារ និងចង្ហាន់ខ្លះៗ យកទៅវត្តប្រគេនព្រះសង្ឃផងដែរ។

ជាមួយគ្នានេះ លោកប្រធានអនុសាខា បានពាំនាំនូវក្តីនឹករឭករបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូន ដោយលោកបានលើកឡើងថា ថ្វីត្បិតតែពេលនេះ សម្តេចមិនមានវត្តមាននៅទីនេះពិតប្រាកដមែន ប៉ុន្តែទឹកចិត្តរបស់សម្តេច តែងឋិតនៅក្បែរប្រជាពលរដ្ឋជានិច្ច ដែលលោកតែងតែក្រើនរំលឹក ដល់មន្ត្រីក្រោមឱវាទឱ្យធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋក្រីក្រលំបាក តោកយ៉ាក ចាស់ជរា អ្នកកើតជំងឺរុំារៃ ជាពិសេសជនមានផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុករបស់ពលរដ្ឋកម្ពុជា គឺជាសុខទុករបស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដូចគ្នា។

នៅវេលារសៀលថ្ងៃខែឆ្នាំដដែល លោកប្រធានអនុសាខា ក៏បានដឹកនាំសមាជិក សមាជិកា បន្តនាំយកអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនក្មេងៗក្រីក្រនៅអង្គការ រស្មីកុមារកំព្រា​ ក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដោយបានឧបត្ថម្ភជាគ្រឿងឧបភោគ-បរិភោគមួយចំនួនធំ រួមមានអង្ករចំនួន ៥បាវ មី១០កេស ទឹកក្រូច១២យួរ ទឹកសុទ្ធ៥កេស ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ៥យួរ និងថវិកាមួយចំនួន ចែកជួនដល់ក្មេងៗ និងលោកគ្រូអ្នកគ្រូ ដែលរស់នៅក្នុងអង្គការខាងលើផងដែរ៕