(ភ្នំពេញ)៖ ក្រុមហ៊ុនបុរី៩៩៩ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងាររៀបចំពិធី ចែកអង្ករមនុស្សធម៌ ចំនួន៤៥តោន ជូនដល់សមាជិក បុគ្គលិក និងកម្មកររបស់ខ្លួន ប្រមាណ១,៥០០នាក់ ក្នុងម្នាក់ទទួលបាន១បាវ ដែលសកម្មភាពនេះ ជាទឹកចិត្ត សប្បុរសធម៌ផង និងដើម្បីឆ្លើយតបតាមការអំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួយទិញអង្ករខ្មែរផង។

ពិធីចែកអង្ករជូនបុគ្គលិកការងារនេះ ធ្វើឡើងក្រោមវត្តមាន លោកស្រី ទាវ ធីតា ប្រធានអគ្គនាយកបុរី៩៩៩ និងលោក ឈុន សិរីរិទ្ធី អគ្គនាយក និងជានាយកប្រតិបត្តិបុរី៩៩៩ ព្រមទាំងបុគ្គលិកក្រុមហ៊ុនជាច្រើននាក់ទៀត។

លោក ឈុន សិរីរិទ្ធី បានឱ្យដឹងថា អង្ករធម្មជាតិនេះ គឺទិញពីប្រជាកសិករខ្មែរ ស្របទៅនឹងអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន ​សែន ដែលបានអំពាវនាវឱ្យថ្នាក់ដឹកនាំ ក្រុមហ៊ុនឯកជន ប្រជាពលរដ្ឋទាំងអស់ ជួយប្រមូលទិញអង្ករពីប្រជាកសិករខ្មែរ ដែលពួកគាត់ខិតខំដាំដុះ ប៉ុន្តែតម្លៃបែរត្រូវធ្លាក់ចុះ ដូច្នេះក្រុមហ៊ុនបុរី៩៩៩ បានជួយទិញអង្ករជាង៤០តោននេះដើម្បីយកមកចែកជូនបងប្អូន កម្មករ សមាជិកទាំងអស់។

លោកបន្តថា «ការចែកជូនអង្ករទាំងនេះ មិនគិតប្រាក់ចំណេញអ្វីទេ សំខាន់ឱ្យតែបានចែកជូនបងប្អូនកម្មករ និងសមាជិកក្រុមហ៊ុនយើង ក្នុងឱកាសទៅលេងស្រុកកំណើត នារដូវបុណ្យភ្ជុំបិណ្ឌនេះផងដែរ។...មានអង្ករមានថាមពលធ្វើការ»។

លោកស្រី ទាវ ធីតា បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ បុគ្គលិក កម្មករទាំងអស់ ឱ្យទទួលបានសុខសុវត្ថិភាព ក្នុងដំណើរទៅលេងស្រុកកំណើត ឱ្យសម្រេចបានជោគជ័យគ្រប់កិច្ចការ ហើយអង្ករមនុស្សធម៌នេះ គឺជាទឹកចិត្តសម្បុរសធម៌ របស់ក្រុមហ៊ុនចំពោះបុគ្គលិក និងជាការ ចូលរួមលើកស្ទួយអង្ករខ្មែរ តបតាមការអំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន សែន ផងដែរ។

ក្នុងចំណោមកម្មករទាំងអស់ដែលម្នាក់ៗ សុទ្ធតែមានទឹកមុខញញឹម សប្បាយរីករាយផងនោះ លោក សែម គឹមសាន ពលរដ្ឋមានស្រុក កំណើត នៅខេត្តពោធិ៍សាត់ បានឱ្យដឹងថា លោកមានអារម្មណ៍សប្បាយរីករាយខ្លាំង នៅពេលបានទទួលអង្ករនេះ ហើយក៏សូមអរគុណ ដល់ក្រុមហ៊ុនបុរី៩៩៩ ដែលតែងតែយល់ពីសុខទុក្ខកម្មករ ជារឿយៗមក។

សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន កាលពីពេលកន្លងទៅ បានប្រកាសអំពាវនាវឱ្យមន្រ្តីរាជការក្រុមហ៊ុន ឯកជន ប្រជាពលរដ្ឋទាំងអស់ ជួយទិញអង្ករពីកសិករខ្មែរ ឱ្យបានច្រើនតាមដែលអាចធ្វើបាន ដើម្បីចូលរួមលើកស្ទួយតម្លៃអង្ករខ្មែរ ដែលមានការធ្លាក់ថ្លៃផងនោះ។

ដោយឡែក រហូតមកដល់ពេលនេះ មានអង្ករប្រមាណ៣,០០០តោនហើយ ដែលត្រូវបានបញ្ជាទិញ តាមរយៈអង្គភាព Fresh News ដែលសុទ្ធតែជាអង្ករសែនក្រអូបសុទ្ធ១០០ភាគរយ៕