(ស្ទឹងត្រែង)៖ លោក សាយ​ សំអាល់ ​​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានបង្ហាញជំហរគាំទ្រ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ទាំង​អស់ ​បន្ត​សកម្មភាព​​អភិរក្ស​​សត្វត្មាត​ ដែល​ជាប្រភេទសត្វ ស្លាបដ៏កម្រ​ និងមាន​តួនាទី​យ៉ាង​សំខាន់​ ក្នុង​​រក្សា​​និរន្តរភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី ក្នុង​តំបន់។ លោក សាយ​ សំអាល់ ក៏បានស្នើ​ឲ្យ​មន្ទីរ​បរិស្ថាន បន្តសហការ​ជា​មួយ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​រៀប​ចំ​និង​ប្រែ​ក្លាយ​តំបន​នេះ​ ឲ្យទៅជា​គោលដៅទេសចរណ៍​ធម្មជាតិ ​និង​ជីវ:ចម្រុះ។

លោករដ្ឋមន្ត្រី​ បានលើកឡើងបែបនេះ ខណៈលោកបាន​ដឹក​នាំ​គណ:ប្រតិភូ​ ក្រសួង​បរិស្ថាន​ ចុះពិនិត្យ​គោលដៅ​អភិរក្ស​សត្វ​ត្មាត​ ដែល​ស្ថិត​នៅ​​ភូមិ​​ញាំងស៊ុម​ ឃុំថ្មកែវ​ ស្រុក​សៀមប៉ាង​ ខេត្ត​ស្ទឹងត្រែង នៅ​​ថ្ងៃទី​២៦​ ខែ​កញ្ញា​ ឆ្នាំ​២០១៦។​

លោក សាយ​ សំអាល់ បន្តថា ការចុះពិនិត្យ​គោលដៅ​អភិរក្ស​សត្វ​ត្មាតនាពេលនេះ គឺដើម្បី​ស្វែង​យល់​ អំពី​ស្ថានភាព​ការងារ​អភិរក្ស​ សត្វស្លាប ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​សៀមប៉ាង​។លោក រដ្ឋមន្រ្តីបាន​សម្ដែង​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់ ​ចំពោះ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ ដែល​បាន​រួម​សហការ​ ​ជា​មួយ​ក្រសួង​បរិស្ថាន​ ក្នុង​ការ​ការពារ​ និង​អភិរក្ស​ជីវៈចម្រុះ​ជា​រួម៕