(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអនុញ្ញាតឲ្យអង្គការតម្លាភាពកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបអំពីការអនុវត្ត គម្រោងរបស់អង្គការតម្លាភាពកម្ពុជា ក្នុងការលើកកម្ពស់សុចរិតភាព នៅថ្នាក់ក្រោមជាតិ។

អង្គការតម្លាភាពកម្ពុជា បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងមហាផ្ទៃ ដើម្បីអនុវត្តគម្រោងដែលមានឈ្មោះថា «សាលាអភិបាលកិច្ច» ដើម្បីចូលរួមពង្រឹងសមត្ថភាពការងារមន្រ្តី ក្នុងការផ្តល់សេវាសាធារណៈ នៅថ្នាក់ក្រោមជាតិ។

ដើម្បីចូលរួមបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋ និងយុវជន ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និងសុចរិតភាពស្របតាមគោលការណ៍ អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ អង្គការតម្លាភាពកម្ពុជា មានបំណង ពង្រីកវិសាលភាពការងាររបស់ខ្លួន នៅក្នុងខេត្តគោលដៅចំនួន៥ រួមមានខេត្តស្ទឹងត្រែង ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពត និងខេត្តព្រៃវែង។

ក្នុងឱកាសនោះដែរ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា កាលើកកម្ពស់អភិបាលកិច្ចល្អ និងពង្រឹងសមត្ថភាពការងារ គឺជាសកម្មភាពអាទិភាព នៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជារដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕