(បាត់ដំបង)៖ ដើម្បីផ្សាភ្ជាប់សមរភូមិក្រោយ ជាមួយសមរភូមិជួរមុខ និងដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅព្រឹក​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានជួបសំណេះសំណាល និងសួរសុខទុក្ខ​ ចែកអង្ករ ​​ព្រមទាំងអំណោយផ្សេងទៀត ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៥២ ចំណុះយោធភូមិភាគ៥ ស្ថិតនៅក្នុងភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ក្នុងនោះដែរ ក៏មានការចូលរួមពី លោកអភិបាលរង​ ខេត្តបាត់ដំបង លោក​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គារធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន រួមទាំងមន្ដ្រី នៃមន្ទីរអភិវឌ្ឍន៍ខេត្តបាត់ដំបង ខេត្តប៉ៃលិន ជាច្រើននាក់ផងដែរ។

អំណោយដែលចែកជូននោះ រួមមាន អង្ករ៤តោន ទឹកក្រូចដបធំ២០យួរ ទឹកបរិសុទ្ធ១០០កេស មីយើង២០០កេស ទឹកត្រី៥០យួរ ទឹកស៊ីអ៊ីវ៥០យួរ ស្ករស២០០គីឡូក្រាម ប្រេងឆា៣០០លីត្រ នំអន្សម៥០០នំ នំតែលាវ៥ធុង និងថវិកា២០លានរៀល បន្ថែមពីនេះលោករដ្ឋមន្ដ្រី ក៏បានដោះស្រាយសំណូមពរ ជូនកងពល​នូវថវិកាមួយចំនួន រួមមាន ថវិកា៣៨,០០០ដុល្លារ សម្រាប់សាងសង់អគ្គារហ្វឹកហ្វឺន វិទ្យុទាក់ទង៦គ្រឿង ម៉ាស៊ីនបូមទឹក១គ្រឿង សរុបទឹកប្រាក់៥៤,៦៧០ដុល្លារ ដែលជាអំណោយ​របស់សម្ដេច​តេជោ ហ៊ុន សែន នាកយរដ្ឋមន្ដ្រីនៃ​កម្ពុជា និងសម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។​

ក្នុងឱកាសនោះដែរ ឧត្ដមសេនីយ៍ទោ ម៉ី សឹង្ហន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះប្រមុខរាជរដ្ឋាភិបាល ដោយឡែកថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍បទ ដែលតែងតែយកចិត្តទុកដាក់ ជួយឧបត្ថម្ភគាំទ្រ ដល់នាយទាហាន នាយទាហានរង និងពលទាហានជួរមុខ ក្នុងនាមជាអង្គភាពសម្ព័ន្ធមេត្រីភាព។

ជាមួយគ្នានោះដែរ លោក អ៊ុក រ៉ាប៊ុន បាន​នាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ និងកោតសរសើរ ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើជើងលេខ ៥២ ក៏ដូចជាកងយោធពលខេមរភូមិទាំងអស់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ ការពារបូរណភាពទឹកដី រក្សាបាននូវព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍន៍។ បន្ថែមពីនេះ លោករដ្ឋមន្ដ្រី បានជម្រាបជូនអំពីការអភិវឌ្ឍន៍ប្រទេសជាតិ ដោយផ្ដើមចេញពីនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី នាំមកនូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះមានវិស័យការពារជាតិ ដែលជាគ្រឺះយ៉ាងរឹងមាំ សម្រាប់ការពារ បូរណភាពទឹកដី អធិបតេយ្យភាព រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលដែលបានកើតឡើងពីការបោះឆ្នោតស្របច្បាប់ និងការពារនូរាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល សម្រេចបានក្នុងរយៈពេល៣៧ឆ្នាំកន្លងមក៕