(ភ្នំពេញ)៖ លោក សួង ម៉េងឡុង អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញាវត្ថុ និងជាប្រធានក្រុមការងារយុវជននៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមការងារប្រមាណ៦០នាក់ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះទៅសួរសុខទុក្ខដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ និងជនរងគ្រោះ អនាថា ដែលកំពុងតែរស់នៅក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ច រាជធានីភ្នំពេញ ឬហៅថាមណ្ឌលព្រៃស្ពឺ ស្ថិតនៅភូមស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។  

ក្រៅពីការចុះសួរសុខទុក្ខនេះ លោក សួង ម៉េងឡុង និងក្រុមការងារ បានរៀបចំពិធីសាសនា បែបប្រពៃណីទំនៀមទំលាប់ ដោយមានការនិមន្តព្រះសង្ឃ និងប្រាស់ព្រំសុំសេចក្តីសុខសប្បាយ ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌនេះ។ បន្ថែមពីលើនេះ ក្រុមការងារក្រសួងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានរៀបចំឲ្យមានការបរិភោគជួបជុំគ្នា ជាមួយប្រជាពលរដ្ឋផងដែរ។

លោក សួង ម៉េងឡុង បានប្រាប់អ្នកសារព័ត៌មាននៅឱកាសនោះថា «តាមការណែនាំរបស់ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គិតគួរពីសុខទុក្ខរបស់បងប្អូន និងជនរងគ្រោះ ដែលស្នាក់នៅមណ្ឌលព្រៃស្ពឺ យើងទាំងអស់គ្នាដឹងហើយថា រដូវនេះជារដូវបុណ្យភ្ជុំ យើងទាំងអស់គ្នា បានទៅវត្តតាមបែបសាសនាទំនៀមទំលាប់ប្រពៃណី ដោយឡែកបងប្អូននៅទីនេះ មិនបានចេញទៅវត្តទី អារាមទេ ដូចនេះ យើងគិតថារដូវនេះជារដូចបុណ្យភ្ជុំផង ក៏បានរៀបចំពិធីសាសនាមួយ ដោយបាននិមន្តព្រះសង្ឃ ដើម្បីឲ្យបងប្អូនបានគោរព ទៅតាមប្រពៃណីផង ហើយដើម្បីសួរសុខទុក្ខបងប្អូន។ យើងក៏បានរៀបចំឲ្យមាន ការបរិភោគ អាហារជួបជុំគ្នា ដោយគ្មានការបង្ខាំង ឬធ្វើបាបពួកគាត់នោះទេ ផ្ទុយទៅវិញ មណ្ឌលព្រៃស្ពឺនេះ គឺជាទីកន្លែង ដែលផ្តល់ការរស់នៅដោយសមរម្យមួយ ហើយពួកគាត់ក៏អាច ចេញចូលធ្វើដំណើរ ទៅក្រៅ បាន ធម្មតាគ្រាន់តែមិនបានដូចជាមនុស្សរស់នៅ ខាងក្រៅឡើយដោយសារតែ ស្មារតីមិនធម្មតារបស់ពួកគាត់ នៅមានកំរិតនៅឡើយ ហើយត្រូវការការថែទាំ និងមើលការខុសត្រូវឲ្យបានល្អបំផុត»

លោក សួង ម៉េងឡុង បានបន្តថា ជាទូទៅស្ថានភាពរបស់ប្រជាពលរដ្ឋនៅទីនេះ មានភាពល្អប្រសើរជាងមុនច្រើន ទាំងការហូបចុកគ្រប់គ្រាន់ ហើយមើលទៅសាច់ឈាម របស់ពួកគាត់ស្រស់ថ្លាសមរម្យ មិនដូចការ លើកឡើង របស់អង្គការក្រៅរដ្ឋាភិបាល និងសាធារណជន មួយចំនួនទៀតថា មណ្ឌលព្រៃស្ពឺ ជាកន្លែងឃុំឃាំង និងធ្វើបាបប្រជាពលរដ្ឋឡើយ។

គួរបញ្ជាក់ថា មណ្ឌលព្រៃស្ពឺ ដែលជាកន្លែងសម្រាប់អប់រំជនអនាថា អ្នកសុំទាន ឬអ្នករកស៊ីផ្លូវភេទតាមទីសាធារណៈ។ ក្រោយពីមានពង្រឹង និងកែប្រែជាថ្មីពីសំណាក់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឃើញថា មណ្ឌលដែលធ្លាប់រងការរិះគន់យ៉ាងចាស់ដៃពីសាធារណជន ហាក់មានភាពល្អប្រសើរជាងមុន ទាំងការគ្រប់គ្រង និងស្ថានភាពជាទូទៅរបស់ជនរងគ្រោះ និងប្រជាបលរដ្ឋដែល រស់នៅក្នុងមណ្ឌលនេះ៕