(ព្រៃវែង)៖ មន្រ្តីកាំកុងត្រូលសាខាខេត្តព្រៃវែង ដឹកនាំដោយលោក តូច ចៅកុយ អនុប្រធានកាំកុងត្រូល នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ និងណែនាំដល់អាជីវករលក់ដូរទំនិញ នៅផ្សារអ្នកលឿង ឃុំព្រែកខ្សាយ «ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយរកឃើញទំនិញខូចគុណភាពជាច្រើនមុខ។

លោក តូច ចៅកុយ បានឲ្យដឹងថា ដោយមានការណែនាំពីលោក អ៊ុត សុភាព ប្រធានសាខាកាំកុងត្រូលខេត្ត មន្រ្តីរបស់លោក សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន បានចុះណែនាំត្រួតពិនិត្យនេះ និងធ្វើតេស្តបឋមទៅលើមុខម្ហូបមួយចំនួនដូចជា ដូចមឹក បង្គារ ក្តាម សាច់គោ សាច់ជ្រូក តែរកមិនឃើញផលិត ផលណាមួយមានជាតិគីមីនោះទេ។

លោក តូច ចៅកុយ បានឲ្យដឹងបន្ថែមថា តបតាមការណែនាំរបស់ប្រតិភូទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល មន្រ្តីកាំកុងត្រូល ខេត្តព្រៃវែង បានផ្តោតអារម្មណ៍ខ្ពស់ទៅលើទំនិញម្ហូបអាហារ ក្នុងឱកាសដាក់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ។

លោកអនុប្រធានបានបន្តថា ជាលទ្ធផលក្រុមការងារ បានរឹបអូសទឹកដោះគោជូរឌីដូ២៤ដប ទឹកដោះគោខាប់៣កំប៉ុង និងទឹកក្រូចមីរីនដា ៣កំប៉ុង យកទៅរក្សាទុកដើម្បីធ្វើការកំទេចចោល។ លោក តូច ចៅកុយ ក៏បានសំណូមពរ ដល់អាជីវករទាំងអស់ សូមកុំខឹងមន្រ្តីរបស់លោក ដែលចុះទៅពិនិត្យ និងដកហូតទំនិញខូច គុណភាពទាំងនោះ ព្រោះថាបើមិនដកហូតទេ មិនដឹងថា ប្រជាពលរដ្ឋប៉ុន្មាននាក់ ដែលទទួលទាន ហើយខូចសុខភាពនោះ។

លោកក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរនិងចែកចាយ តែទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕