(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី២៧ ខែកញ្ញានេះ កម្មសិក្សាការីវគ្គវិក្រិត្យការមន្រ្តីមធ្យមឆ្នាំ ២០១៦ និងមន្ត្រីសម្របសម្រួលនៃសាលាភូមិន្ទរដ្ឋបាល ចំនួន៥៧រូប បានចូលរួមកាន់បិណ្ឌទី១១ នៅវត្តលង្ការ រាជធានីភ្នំពេញ។ ក្នុងឱកាសកាន់បិណ្ឌនេះ កម្មសិក្សាការី បាននាំយកទេយ្យទានរួមមាន ចង្ហាន់ បរិក្ខារ និងបច្ច័យ ដើម្បីប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា និងវេរមគ្គផលកុសល ឧទ្ទិសជូនដល់បុព្វការីជន ដែលបានចែកឋានទៅ ។

លោក ហ៊ុន សេដ្ឋាត កម្មសិក្សាការីវគ្គវិក្រិត្យការមន្រ្តីធម្យមឆ្នាំ ២០១៦ បានឲ្យដឹងថា កម្មសិក្សាការីវគ្គវិក្រិត្យការបានចូលរួមចំណែក និងសកម្មភាពចុះជួយសង្គម នៅអង្គការអនាគតថ្មី និងបានមូលមតិគ្នាជាឯកច្ឆ័នចូលរួម ក្នុងកម្មវិធីប្រពៃណីជាតិ ដើម្បីលើកស្ទួយតម្លៃនៃព្រលឹងវប្បធម៌ជាតិខ្មែរ ។

លោកហ៊ុន សេដ្ឋាត បានបញ្ជាក់ថា «ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយខ្លាំងណាស់ ដែលបានចូលរួមក្នុងពិធីកាន់បិណ្ឌជាមួយបងប្អូនកម្មសិក្សាការី មិត្តរួមថ្នាក់ ។ ការចូលរួមពិធីនេះ បានឆ្លុះបញ្ចាំងពី ស្មារតីរួបរួមសាមគ្គីប្រកបទៅដោយភាតរៈភាពនិងសុខដុមភាព»។ លោកសង្ឃឹមថា សកម្មភាពនៃការចូលរួមនេះនឹងបណ្តុះផ្នត់គំនិត ដល់កម្មសិក្សាការីឲ្យចេះស្រលាញ់វប្បធម៌ ប្រពៃណីជាតិក្នុងភាព ជាអ្នកដឹកនាំនាពេលបច្ចុប្បន្ននិងពេលអនាគត ៕