(វ៉ាស៊ីនតោន)៖ យោងតាមការស្ទាបស្ទង់មតិរបស់ Gallup Poll បានឲ្យដឹងថា ប្រជាពលរដ្ឋអាមេរិក កាន់តែច្រើន លែងសូវមានបំណងចង់ទៅបោះឆ្នោត ជ្រើសរើសប្រធានាធិបតី សម្រាប់ប្រទេសខ្លួន ទៀតហើយ ជាពិសេសគឺយុវវ័យតែម្តង ដោយចំនួននៃអ្នកចង់ទៅបោះឆ្នោតបាន ធ្លាក់ចុះ០៧ភាគរយ បន្ថែមទៀតពីតួលេខនៅឆ្នាំ២០១២ មកត្រឹម ៦៩ភាគរយប៉ុណ្ណោះនៅ ឆ្នាំ២០១៦។ នេះបើតាម ការផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០១៦។

ការស្ទាបស្ទង់មតិដែលទើបតែនឹងប្រព្រឹត្តទៅបានរកឃើញថា ប្រជាជនអាមេរិក ៦៩ភាគរយ បានផ្តោតការយកចិត្តទុកដាក់លើ ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីនៅឆ្នាំនេះ ដែលជាលទ្ធនៃការ ធ្លាក់ចុះ០៧ភាគរយ ពីការស្ទង់មិតនៃការបោះឆ្នោះ នៅអណត្តិមុន ហើយវាក៏ចំនួនដែលតិចជាងគេបំផុត គិតចាប់តាំងតែពីឆ្នាំ ២០០០ មកផងដែរ។

មួយវិញទៀត ការស្ទាបស្ទង់មតិនេះ ក៏បានបង្ហាញថាមានភាពខុសគ្នាខ្លាំង នៅក្នុងក្រុមអាយុផ្សេងៗគ្នា នៃប្រជាជនអាមេរិកផងដែរ ដោយចំនួនប្រជាជនវ័យ ១៨ដល់៣៤ឆ្នាំ ដែលប្រាដកថាខ្លួននឹងទៅ បោះឆ្នោត បានធ្លាក់ចុះរហូតដល់១១ភាគរយ មកនៅត្រឹម ៤៧ភាគរយ ប៉ុណ្ណោះនៅឆ្នាំ២០១៦នេះ។ រីឯក្នុងចំណោមប្រជាជនវ័យ ៣៥ដល់៥៤ឆ្នាំវិញ គឺមានតែ៧២ភាគរយ (ធ្លាក់ចុះ៧ភាគរយ) ប៉ុណ្ណោះ ដែលចង់ទៅបោះឆ្នោត ចំណែកអ្នកដែលមានអាយុចាប់ពី ៥៥ឆ្នាំឡើងទៅ គឺមានរហូតដល់៨២ភាគរយ (ធ្លាក់ចុះតែមួយភាគរយប៉ុណ្ណោះ)។

Gallup Poll បានបញ្ជាក់ថា ទោះបីប្រជាជនអាមេរិកទាំងអស់ បានបង្ហាញពីការយកចិត្តទុកដាក់លើ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំនេះ ប្រហែលគ្នាទៅនឹងអណត្តិមុនក៏ដោយ ក៏តួលេខនៃ ការស្ទាបស្ទង់មតិខាងលើ ស្តែងឲ្យឃើញថា យុវវ័យនៅក្នុងសហរដ្ឋអាមេរិក មិនសូវជាមានបំណង ចង់ទៅបោះឆ្នោតនោះឡើយ ហើយមូលហេតុ ទំនងជាមកពីការថយចុះនៃប្រជាប្រិយភាពរបស់ បេក្ខភាពប្រធានាធិបតីទាំងពីររូប គឺលោក ដូណាល់ ត្រាំ និងលោកស្រី ហ៊ីលឡារី គ្លីនតុន៕