(វ៉ាស៊ីនតោន)៖ ការជជែកដេញដោលទល់មុខគ្នា ឬ Face to Face តាមកញ្ចក់ទូរទស្សន៍ជាលើកដំបូង រវាងលោកស្រី ហ៊ីលឡារី គ្លីនតុន និង លោក ដូណាល់ ត្រាំ បានចាប់ផ្ដើមហើយនៅល្ងាចថ្ងៃចន្ទ (ម៉ោងនៅក្នុង សហរដ្ឋអាមេរិក) ដោយអ្នកទំាងពីរបានរិះគន់គ្នាជាខ្លាំង ជុំវិញប្រធានបទសេដ្ឋកិច្ច និង គោលនយោបាយអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ ២០១៦។

វេទិកាជជែកដេញដោលគ្នានេះ ត្រូវបានធ្វើឡើងនៅឯសាកលវិទ្យាល័យ Hofstra University ក្នុងទីក្រុង Hempsted​ នៃរដ្ឋញូយ៉ក។ បន្ទាប់ពីទទួលបានការទះដៃអបអរសារទរពីអ្នកចូលរួម និង ចាប់ដៃញញឹម ដាក់គ្នារួចភ្លាម លោកស្រី គ្លីនតុន និង លោក ត្រំា ក៏បានចាប់ផ្ដើមវាយប្រហារដោយពាក្យសម្ដីដាក់គ្នាទៅ វិញមកតែម្តង ដោយមិនសម្ងៃមាត់សូម្បីតែបន្តិចឡើយ។

តួយ៉ាងនៅពេលលោកស្រីគ្លីនតុន និយាយថា «ខ្ញុំហាក់ដូចជាមានអារម្មណ៍ត្រូវបានគេស្ដីបន្ទោស គ្រប់បែបយ៉ាង» នោះ លោក ត្រំា បានឆ្លើយតបវិញភ្លាមថា «ហេតុអ្វីមិនអាច»? ដោយលោក ថែមទំាងបានរិះគន់ចំៗ ចំពោះគោលនយោបាយពាណិជ្ជកម្ម របស់លោកស្រី គ្លីនតុន ខណៈអតីត រដ្ឋមន្ត្រីការបរទេសរូបនេះវិញ ក៏បានបន្ទោសលោក ត្រំា វិញផងដែរស្ដីពីគោលនយោបាយពន្ធដារ។​

ដោយឡែកជុំវិញ គោលនយាបាយអន្តរជាតិ លោក ត្រំា បានចោទលោកស្រី គ្លីនតុន ថាជាអ្នកចូលរួម ចំណែកបង្កភាពវឹកវរនៅក្នុងតំបន់មជ្ឈិមបូព៌ា។ «អ្នកមើលចុះតំបន់មជ្ឈិមបូព៌ា កំពុងស្ថិតនៅក្នុង ភាពវឹកវរទំាងស្រុង​ ដោយសារតែគោលនយោបាយរបស់អ្នក។ អ្នកនិយាយពីក្រុម ISIS ក៏ប៉ុន្តែអ្នកគឺ ជាអ្នកបណ្តែតបណ្តោយឱ្យក្រុមភេវករនេះកើតឡើង ព្រោះថាពេលអ្នកជារដ្ឋមន្រ្តីការបរទេសអាមេរិក ក្រុម ​ISIS ទើបតែចាប់ផ្ដើមកកើតប៉ុណ្ណោះ តែបច្ចុប្បន្ន ពួកគេមានវត្តមាននៅក្នុងប្រទេសជាង ៣០ ដូច្នេះតើអ្នកនឹងបញ្ឈប់ក្រុមភេរវករនេះទេ?ខ្ញុំមិនគិតដូច្នោះទេ»។ ទាំងនេះជាសម្តីរបស់លោក ត្រាំ៕