(ណារីតា,តូក្យូ)៖ ក្រុមយុវជនមកពីបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសនៅអាស៊ីសរុបជាង ២០០នាក់ បាននិងកំពុងបំពេញទស្សនកិច្ចសិក្សាស្វែងយល់ពីវិស័យកសិកម្ម ក៏ដូចជាទំនៀមទម្លាប់ និង ប្រពៃណីរបស់ជនជាតិជប៉ុន ក្រោមគម្រោងបណ្តាញផ្លាស់ប្តូរសិស្ស និស្សិត និង យុវជនរវាងប្រទេសជប៉ុន និង ប្រទេសអាស៊ីខាងកើត (Japan-East Asia Network of Exchange for Students and Youths) ហៅកាត់ថា JENESYS។

ក្រុមយុវជនមកពីបណ្តាប្រទេសសមាជិកអាស៊ានរួមមាន៖ កម្ពុជា ព្រុយណេ ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ថៃ វៀតណាម ហ្វីលីពិន សិង្ហបុរី ម៉ាឡេស៊ី រួមនិងប្រទេសទីម័រ ឥណ្ឌា ដែលកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសជប៉ុន បានបង្ហាញការយល់ឃើញដូចៗគ្នា កម្មវិធី JENES YS ដែលបង្កើតដោយរដ្ឋាភិបាលជប៉ុន ជាការផ្តល់ឱកាសដ៏ល្អមួយសម្រាប់ការបង្កើនទំនាក់ទំនង និងសម្ព័ន្ធមេត្រីភាពរវាងយុវជនជប៉ុន ជាមួយបណ្តាយុវជនក្នុងប្រទេសសមាជិកអាស៊ាន និង ប្រទេសនៅតំបន់អាស៊ីខាងកើត។

ថ្លែងក្នុងជំនួបស្វាគមន៍ដំណើរមកដល់របស់យុវជនមកពីបណ្តាប្រទេសអាស៊ីខាងកើតជាង ២០០នាក់ នាម៉ោងប្រមាណ ១៖១៥នាទីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ (ម៉ោងនៅប្រទេសជប៉ុន) ត្រូវនិងម៉ោងប្រមាណ ១១៖១៥នាទីម៉ោងនៅប្រទេសកម្ពុជា មន្រ្តីជាន់ ខ្ពស់ JICE លោក Erito Uchiyama បានលើកឡើងថា កម្មវិធី JENESYS ដែលរដ្ឋាភិបាលជប៉ុនបង្កើតឡើងនេះ ក្នុងបំណងជំរុញទំនាក់ទំនងយុវជនជប៉ុន និងយុវជនតាមបណ្តាប្រទេសនៅអាស៊ីខាងកើតឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរនូវបទ និង ទំនៀមទម្លាប់ប្រពៃណីជាមួយគ្នា។

លោក ហេង សាមឌី យុវជនមួយរូបមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការយល់ឃើញរបស់ខ្លួនថា ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនេះ នឹងធ្វើឲ្យបានសិក្សាស្វែងយល់ពីបច្ចេកវិទ្យា និងចំណេះដឹងថ្មីៗជាច្រើនរបស់ប្រទេសជប៉ុន ដើម្បីយកទៅចែករំលែកដល់យុវជន និងប្រជាពលរដ្ឋកម្ពុជា។

លោក សាមឌី ក៏បានមើលឃើញផងដែរថា កម្មវិធី JENESYS នេះ នឹងចូលរួមជំរុញឲ្យទំនាក់ទំនងកម្ពុជា-ជប៉ុន កាន់តែមានភាពល្អប្រសើរ ជាពិសេសទំនាក់ទំនងរវាងយុវជន យុវនារី ដែលជាអ្នកជំនាន់ថ្មីក្នុងការបន្តវេណដឹកនាំប្រទេសជាតិ។

កញ្ញា Hsu Myat Mon យុវតីមកពីប្រទេសមីយ៉ាន់ម៉ា ក៏បានមើលឃើញពីសារៈសំខាន់ នៃកម្មវិធី JENESYS នេះផងដែរ។ កញ្ញា បានបង្ហាញនូវក្តីរីករាយ ត្បិតដំណើរមកកាន់ប្រទេសជប៉ុននេះ គឺជាដំណើរលើកដំបូងរបស់កញ្ញា ដែលនឹងជួយឲ្យកញ្ញា អាចដកស្រង់នូវបទពិសោធន៍នានា ពីយុវជន យុវនារីរៀមច្បងក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាដកស្រង់ពិសោធន៍ពីបណ្តាប្រទេសដទៃ ជាពិសេសគឺប្រទេសជប៉ុនតែម្តង។

កញ្ញា បានបញ្ជាក់ថា «កម្មវិធីនេះ វាមានសារៈប្រយោជន៍ខ្លាំងក្នុងការផ្តល់បទពិសោធន៍ថ្មីៗ សម្រាប់ខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋមីយ៉ាន់ម៉ា ហើយវានឹងជួយឲ្យទំនាក់ទំនងរវាងយុវជនក្នុងប្រទេសជប៉ុន ជាមួយមីយ៉ាន់ម៉ា និងបណ្តាប្រទេសដទៃទៀតកាន់តែល្អប្រសើរ»

យុវតីម្នាក់ទៀត មកពីប្រទេសថៃ គឺកញ្ញា Rawirin ដែលបានចូលរួមក្នុងកម្មវិធី JENESYS ជាលើកដំបូង ក៏មានក្តីសប្បាយរីករាយមិនខុសពី Hsu Myat Mon ផងដែរ ព្រោះកញ្ញា មានឱកាសបានជួបផ្លាស់ប្តូរបទពិសោធន៍ជាមួយយុវជនយ៉ាងច្រើនមកពីបណ្តាប្រទេសសមាជិកអាស៊ាន ក៏ដូចជាក្នុងតំបន់អាស៊ីផងដែរ។

Rawirin បានបញ្ជាក់ដូច្នេះ «កម្មវិធីនេះ ល្អមែនទែនសម្រាប់យុវជន វាបានជួយឲ្យយើងបានពង្រីក និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នា កាន់តែប្រសើរឡើង»

សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បានបង្កើតកម្មវិធី JENESYS ឡើងកាលពីឆ្នាំ២០០៧ កន្លងទៅ ក្នុងគោលបំណងជំរុញការយល់ដឹង និងទំនុកចិត្តគ្នាទៅវិញទៅមក ក្នុងចំណោមយុវជន និងប្រជាជនជប៉ុន ជាមួយយុវជនបណ្តាប្រទេសដែលចូលរួម និងដើម្បីកសាងមូលដ្ឋានគ្រឹះ នៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។ ក្នុងមួយឆ្នាំៗ មានយុវជនប្រមាណជា ៦ពាន់នាក់ ត្រូវបានអញ្ជើញទៅកាន់ប្រទេសជប៉ុនក្រោមកម្មវិធី JENESYS នេះ៕