(ម៉ានីល)៖ នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា យន្តហោះពីរគ្រឿងរបស់ហ្វីលីពីន បានជួបឧប្បដិហេតុពីរផ្សេងៗ គ្នា គឺទី១ យន្តហោះមួយគ្រឿងដឹកអ្នកដំណើរ ២២២នាក់ បានកើតមានផ្សែងហុយ ចេញពីម៉ាស៊ីនត្រជាក់ ដែលត្រូវបានពីឡុតបង្ខំបកមកចុះចតនៅទីក្រុងម៉ានីលវិញ និង ទីពីរគឺយន្តហោះដឹក អ្នកដំណើរ ៦៧នាក់ បានឆេះកង់ពេលកំពុងធ្វើការហោះឡើង ហើយក៏ត្រូវបានបង្ខំចិត្តធ្វើការចុះចត និងជម្លៀស អ្នកដំណើរចេញជាបន្ទាន់ផងដែរ។ នេះបើតាម Channel News Asia ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០១៦។

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលហ្វីលីពីនលោក Eric Apolonio បានប្រាប់ឲ្យដឹងថា «ជារឿងចាំបាច់ មួយ ដែលក្រោយពីពីឡុតទទួលព័ត៌មានថា នៅក្នុងបន្ទប់អ្នកដំណើរមានផ្សែងហុយនោះ ពីឡុតត្រូវតែ ធ្វើការបកត្រឡប់ក្រោយមកធ្វើការចុះចតវិញ ដើម្បីរក្សាសុវត្ថិភាពអ្នកដំណើរ»។ សម្រាប់កត្តា ដែលបានបង្កជាផ្សែងហ៊ុយនេះឡើង ក្រុមជំនាញកំពុងតែធ្វើការត្រួតពិនិត្យនៅឡើយ។

គួរបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរ ដែលបានបង្កការព្រឺក្បាលមិនស្ទើរដែរ សម្រាប់អ្នកដំណើរទាំង ២២២នាក់នោះ គឺជាប្រភេទ Airbus A340-300 ដែលដឹកមនុស្សសរុប ២៣៥នាក់។ វាបានចេញ ដំណើរពីទីក្រុងម៉ានីល តែ ២០នាទីប៉ុណ្ណោះ ក៏បកត្រឡប់ក្រោយវិញ ហើយដែលគោលដៅរបស់វានោះ គឺគ្រោងឆ្ពោះទៅកាន់ព្រលានយន្តហោះ Haneda នៃទីក្រុងតូក្យូ របស់ជប៉ុន។ សម្រាប់អ្នកដំណើរទាំង អស់គឺត្រូវបានជម្លៀសចេញពីយន្តហោះ ដោយសុវត្ថិភាព និងត្រូវបានផ្ទេរទៅកាន់យន្តហោះផ្សេង។

ដោយឡែកយន្តហោះផ្សេងមួយទៀត គឺជាប្រភេទ ATR 72-500 ជាយន្តហោះក្នុងស្រុក ដែលហោះ ចេញពីកោះ Cebu ដែលបានដឹកអ្នកដំណើរ ៦៧នាក់ ហើយនៅពេលដែលវាព្យាយាមហោះចេញ ពីព្រលាន Cebu នោះ កង់របស់វាបានឆាបឆេះឡើង ជាអណ្តាតភ្លើង និងបង្ខំចិត្តធ្វើការចុះចត ព្រមទាំងបានជម្លៀស អ្នកដំណើរទាំងអស់ចេញជាបន្ទាន់ផងដែរ នៅល្ងាចថ្ងៃចន្ទ ទី២៦ ខែកញ្ញា៕