(កណ្តាល)៖ កម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលស្រុកកោះធំ ជាច្រើននាក់ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបន្តប្រតិបត្តិការទ្រង់ទ្រាយធំ ចុះទៅបង្ក្រាបបទល្មើសនេសាទ របស់ជនជាតិវៀតណាម យ៉ាងច្រើនដែលបានដាក់រាយប៉ាយនៅលើផ្ទៃទឹក។

លោក ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ បានបញ្ជាក់ថា «ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីសំណាក់អភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ស្នងការ ព្រមទាំងការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្រោយទទួលព័ត៌មានថា បទល្មើសនេសាទជាច្រើនរបស់ជនជាតិវៀតណាម បានចូលមកនេសាទខុសច្បាប់»

ដោយឡែកនៅព្រឹកនេះកម្លាំងប្រតិបត្តិការទាំងមូល​ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត និងក្រោមការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល។

មន្រ្តីនគរបាលម្នាក់បានលួចបង្ហើបថា ការប្រមូលកម្លាំងបង្ក្រាបច្រើនបែបនេះ ដោយហេតុថា ទីតាំងបទល្មើសស្មុគស្មាញ ទី២កន្លែងធ្លាប់មានការប្រឆាំងបកទី៣ទទួលពត៌មានសន្តិសុខ​ ថាអ្នកកាងពីក្រោយគ្រោងនឹងបញ្ឆេះហិង្សាជាមួយសមត្ថកិច្ច និងទី៤ឧបករណ៍និងជននេសាទខុសច្បាប់ច្រើនអនេក។

សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ ជនជាតិវៀតណាម៤នាក់ ត្រូវបានតុលាការខេត្តកណ្តាលឃុំខ្លួនដាក់ពន្ធនាគារ ក្រោយចាប់ខ្លួនរឿងនេសាទខុសច្បាប់នៅស្រុកកោះធំ អមដោយឧបករណ៍នេសាទខុសច្បាប់ជាច្រើន។

សម្រាប់ប្រតិបត្តិការនៅព្រឹកនេះ កម្លាំងនគរបាលបានរកឃើញឧបករណ៍នេសាទខុសច្បាប់ជាច្រើន តែមិនទាន់ចំនួននៅឡើយទេ ដោយកំពុងតែធ្វើការដកហូត៕