(ភ្នំពេញ)៖ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាអនុប្រធានគណៈប្រតិភូសភាកម្ពុជា ដែលបានចូល​រួមកិច្ចប្រជុំក្រុម ប្រឹក្សាប្រតិបត្តិលើកទី១ សភាតំបន់អាស៊ី បានលើកឡើងថា ប្រជាពលរដ្ឋនៅក្នុងប្រទេសអាស៊ីមួយចំនួនធំ នៅតែមានជីវភាពក្រីក្រ ដូចនេះ សភាតំបន់អាស៊ី នឹងជម្រុញឲ្យរដ្ឋាភិបាល នៃប្រទេសជាសមាជិកអាស៊ី ខិតខំប្រឹងប្រែងថែមទៀត ធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋនៅតំបន់អាស៊ី ជំវុញឲ្យប្រជាពលរដ្ឋមានជីវភាពធូរធា។

លោក ឈាង វុន បានប្រាប់អ្នកសារព័ត៌មាន នៅក្នុងកិច្ចប្រជុំគណៈម្មាធិការអចិន្រ្តៃយ៍ស្តីពីបទប្បញ្ញត្តិហិរញ្ញវត្ថុ និងការគ្រប់គ្រងបុគ្គលិក និងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៅ ថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគៀតត្រា រាជធានីភ្នំពេញ ។

លោក ឈាង វុន បានបន្ថែមថា សភាមកពីប្រទេសចំនួន២២ បានចូលរួមនៅក្នុងកិច្ចប្រជុំខាងលើ បានពិភាក្សា ពីវិស័យនយោបាយ សេដ្ឋកិច្ច និងហិរញ្ញាវត្ថុ សង្គម វប្បធម៌។ ក្រៅពីនោះ ប្រទេសក្នុងតំបន់អាស៊ី ក៏បានលើកឡើងថា នឹងពង្រឹង និងលើកកំពស់កិច្ចសហប្រតិបត្តិការឲ្យបានរឹងមាំបន្ថែមទៀត។ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា លោក ឈាង វុនថា ការប្រតិបត្តិការ និងសហការគ្នាពីប្រទេសក្នុងតំបន់អាស៊ីមាន គោលបំណង តែមួយគត់ គឺធ្វើយ៉ាងណាដើម្បីជាផលប្រយោធន៍​ដល់ប្រជាពលរដ្ឋនៅ​តំបន់អាស៊ី។

លោក ឈាង វុន បានគូសបញ្ជាក់ថា កិច្ចប្រជុំទំាងអស់នេះ មានសារៈសំខាន់ណាស់ មុននឹងឈានដល់មហាសន្និបាតលើកទី៩ នៃសភាតំបន់អាស៊ី ដែលនឹងប្រារព្ធធ្វើនាចុង ឆ្នាំ២០១៦នេះ នៅខេត្តសៀមរាប។

គួរបញ្ជាក់ថា គណៈប្រតិភូចំនួន ២១ប្រទេស ក្នុងចំណោមប្រទេស ដែលជាសមាជិកសភាតំបន់អាស៊ី ចំនួន៤២ នឹងចូលរួមកិច្ចប្រជុំ ដែលសភាកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះនៅពេលនេះរួម មាន ប្រទេសអាហ្គានីស្ថាន, បារ៉ែន, បង់ក្លាដែស, ប៊ូតាន, កម្ពុជា, ចិន, ឥណ្ឌូនេស៊ី, អ៊ីរ៉ង់, អ៊ីរ៉ាក់, កាហ្សាស្ថាន, គុយវ៉ែត, ឡាវ, ប៉ាគីស្ថាន,ប៉ាឡេស្ទីន, រុស្សី, ស្រីលង្កា, សោឌីអារ៉ាប់បី, ថៃ, ទួគី, យូណាយធីតអារ៉ាប់អេមឺរ៉េត និងវៀតណាម ជាដើម ។

សូមជម្រាបថា សភាតំបន់អាស៊ី (APA) ត្រូវបានបង្កើតឡើង នៅឆ្នាំ២០០៦ ដោយប្រែក្លាយពីសមាគមសភាអាស៊ីដើម្បីសន្តិភាព(AAPP) ដែលត្រូវបានបង្កើត នៅឆ្នាំ១៩៩៩។ សភា តំបន់អាស៊ីមានសភាជាសមាជិកចំនួន៤២ប្រទេស ដែលបច្ចុប្បន្ន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា ជាប្រធាន ចាប់តំាងពីឆ្នាំ២០១៥ នៅពេលដែលសភា នៃកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត លើកទី៨ នៃសភាតំបន់អាស៊ីនេះមក៕