(កណ្តាល)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាឮ រសៀលថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៦នេះ បានជួបសំណេះសំណាល និងចែករង្វាន់ដល់សិស្សានុសិស្ស ដែលទើបនឹងប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ថ្ងៃទី២២ ខែសីហា ចំនួន៣៥២ នាក់ដែលប្រារព្ធធ្វើងឡើង នៅក្នុងបរិវេណ សាលាស្រុកពញាឮ។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្ត្រី បានសំដែងនូវការអបអរសាទរ និងសប្បាយរីករាយជាមួយមាតាបិតា អាណាព្យបាលបេក្ខជនទាំងអស់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិនាពេលនេះ ។ លោករដ្ឋមន្ត្រីបន្តថា ពេលនេះក្មួយៗ បានបញ្ចប់ដោយជោគជ័យ មួយជំហានហើយ ឬក៏ថា ក្មួយៗចាប់តោងបានមែកមួយហើយ តែមែកនេះ មិនទាន់រឹងមាំ ជាទីទុកចិត្តនៃជីវិតយើងនៅឡើយទេ ដូចនេះក្មួយៗត្រូវបន្តការខិតខំ ប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅចាប់យកវិជ្ជាជីវ:មួយរឹងមាំសម្រាប់ជីវិតរបស់យើង។

លោករដ្ឋមន្ត្រីបន្តថា បច្ចប្បន្ននេះ ក្មួយៗ មានលទ្ធភាព និងភាពងាយស្រួលច្រើនក្នុងការសិក្សា ដោយសារយើងមានសាលា កាន់តែខិតជិតមករកភូមិឃុំ របស់យើង ព្រមជាមួយនឹងសន្តិភាព ស្ថេរភាព ពេញផ្ទៃប្រទេស ដែលបង្កលក្ខណ:ឲ្យក្មួយៗ អាចបន្តការសិក្សាបានទៅតាមបំណងប្រាថ្នា ។

លោករដ្ឋមន្ត្រីបន្តថា បើស្រុកយើងមានចម្បាំងរាំងជល់មិនទាន់ចប់ ក្មួយៗ ក៏មិនមានឱកាសសិក្សា ដូចពេលបច្ចប្បន្ននេះដែរ ។ ពាក់ព័ន្ធនឹងការចាប់យកជំនាញ នាពេលខាងមុខ លោករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ក្មួយៗ ទាំងអស់ឲ្យយកចិត្តទុកដាក់ ពិចារណាឲ្យបានដិតដល់ មុននឹងចាប់យកជំនាញណាមួយ លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា សម្រាប់ស្ថានភាពប្រទេសយើងនាពេលបច្ចប្បន្ន ធនធានមនុស្សផ្នែកវិទ្យាសាស្ត្ររឹង (Hard Science ) គឺនៅមានការខ្វះខាតច្រើន ដូចនេះបើយើងចាប់យកជំនាញខាងវិទ្យាសាស្ត្ររឹង គឺយើងមានការងាយស្រួល ក្នុងការស្វែងរកការងារ បន្ទាប់ពីយើងបញ្ចប់ការសិក្សា ប៉ុន្តែអ្វីៗ ក៏វាអាស្រ័យផងដែរទៅលើឧបនិស្ស័យ និងចំណង់ចំណូលចិត្តរបស់យើងម្នាក់ៗ ។

ក្នុងពិធីនេះផងដែរ លោករដ្ឋមន្ត្រី បានឧបត្ថម្ភ ដល់សិស្សដែលបានប្រឡងជាប់ទាំង ៣៥២ នាក់ ដូចខាងក្រោម៖
- សិស្សនិទ្ទេស A ០១ នាក់ នូវម៉ូតូថ្មី ម៉ាក Scoopy ០១ គ្រឿង
- សិស្សនិទ្ទេស B ចំនួន ០៩ នាក់ ក្នុងម្នាក់ៗ ថវិកា ១៥០ ដុល្លា
- សិស្សនិទ្ទេស C ចំនួន ២៥ នាក់ ក្នុងម្នាក់ៗ ថវិកា ១០០ ដុល្លា
- សិស្សនិទ្ទេស D ចំនួន ៤១ នាក់ក្នុងម្នាក់ៗ ថវិកា ៨០ ដុល្លា
- សិស្សនិទ្ទេស E ចំនួន ២៧៦ នាក់

ក្នុងម្នាក់ៗ ថវិកា៧០ដុល្លារ
- ឧបត្ថម្ភវិទ្យាល័យទាំង ៥ ក្នុងស្រុក ដោយក្នុង ០១ វិទ្យាល័យ ទទួលបាន ថវិកា ១,០០០,០០០ រៀល ។
- ឧបត្ថម្ភការិយាល័យអប់រំស្រុក ថវិកា ១,០០០,០០០ រៀល ៕