(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធមួយចំនួន នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបើកវេទិកា «យុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន» ដោយមានការចូលរួមពីយុវជនមកពី ១៦សាកលវិទ្យាល័យចូលរួមប្រកួតប្រជែង លើ២ ប្រធានបទ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ។ ក្រុមយុវជនចូលរួមប្រកួតប្រជែង គឺត្រូវបញ្ចេញទស្សនៈ និងមតិ អំពីការគាំពារបរិស្ថាន លើប្រធានទី១គឺការ ប្រើប្រាស់ថង់ប្លាស្ទិក គួរត្រូវហាមឃាត់ និង ប្រធានបទ ទី២ សម្ភារៈជជុះគួរហាមនាំចូលមកកម្ពុជា ។

លោក ភាវ សុវុទ្ធី អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថានបានបង្កើតវេទិកា «យុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថានវគ្គដំបូង» នេះឡើង គឺដើម្បីជំរុញឲ្យយុវជនដឹងច្បាស់ពីបរិស្ថាន និងដើម្បីលើកកម្ពស់សមត្ថភាព និងបង្កើនចំណេះដឹងបន្ថែមទៀត ក្នុងការសិក្សាស្រាវជ្រាវអំពីបញ្ហាបរិស្ថាន ជាពិសេសគាំទ្រដល់ការគាំពារបរិស្ថាន និងជីវៈចម្រុះ។ ក្រៅពីនេះក៏ដើម្បី ចែករំលែក ចំណេះដឹង និងព័ត៌មាន ដល់ប្រជាសហគមន៍ និងសាធារណជនទូទាំងប្រទេស។

លោក ភាវ សុវុទ្ធី បានបន្តថា ការរៀបចំវេទិកា «យុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន» នាពេលនេះ គឺជាលើកទី១ហើយ ដែលមានការប្រកួតរហូតទៅដល់១៦សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំងរដ្ឋ និងឯកជន ហើយការរៀបចំលើកនេះ គឺទ្រទ្រង់ថវិកាជាតិទាំងស្រុង។

គួរបញ្ជាក់ថា កម្មវិធីនេះគឺជាព្រឹត្តិការណ៍ដំបូងបង្អស់ របស់ក្រសួងបរិស្ថាន ដែលបានផ្តួចផ្តើមឡើង ក្នុងទ្រង់ទ្រាយធំសម្រាប់ និស្សិតកម្រិតបរិញ្ញាបត្រ នៅតាមសាកលវិទ្យាល័យចំនួន១៦ ក្នុងរាជធានីភ្នំពេញ ដើម្បីប្រកួតប្រជែងគ្នា ដោយផ្តោតលើវិស័យគាំពារបរិស្ថានអភិរក្សជីវៈចម្រុះ និងអភិវឌ្ឍន៍ដោយចីរភាព ក្នុងគោលបំណងបង្កើនសមត្ថភាពរបស់យុវជន ក្នុងការជជែកវែកញែក និងស្វែងរកលទ្ធផលសិក្សាថ្មីៗពីបរិស្ថាន៕