(ភ្នំពេញ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ ហ៊ុន សែន បានចុះពិនិត្យ និងព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចំនួន១,២៦៨នាក់ ដោយឥតគិតថ្លៃនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦។

សមាគមបានដឹកនាំគ្រូពេទ្យចំនួន៩០នាក់ បានជួយព្យាបាលជម្ងឺជូនបងប្អូនកម្មករ កម្មាការិនី ក្នុងនោះមានព្យាបាលជំងឺទូទៅ ត្រចៀកច្រមុះបំពង់ក អេកូរោគស្រ្តី និង មាត់ធ្មេញ។ នៅក្នុងកម្មវិធីនេះ ក៏មានការចូលរួមពិនិត្យព្យាបាល ពីសំណាក់ក្រុមគ្រូពេទ្យកូរ៉េ (COTRA) ដែលតែងតែចូលរួមជាមួយTYDA ដោយបញ្ជូនឡានក្រុង ដែលមានលទ្ធភាព ធ្វើជាមន្ទីពិសោធន៍។

លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយ៉េង តំណាង លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ដល់ក្រុមការងារ និងអាជ្ញាធរក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សែកែវ ដែលបានសហការនិងចូលរួមនៅក្នុងកិច្ចការមនុស្សធម៌ បម្រើប្រជាពលរដ្ឋ។ លោកបានបជ្ជាក់ថា សម្រាប់ខណ្ឌ័ឫស្សីកែវ សមាគមបានចុះព្យាបាលជំងឺជូនកម្មករ ចំនួនពីរលើក ដែលលើកទី១​ នៅសង្កាត់ឫស្សីកែវ និងលើកទី២នេះក្នុងសង្កាត់ទួលសង្កែ លើសពីនេះសមាគមក៍ធ្លាប់ ចុះតាម ខ្នងផ្ទះចំនួន២ដងផងដែរ។

លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ សូមថ្លែងអំណរគុណសកម្មភាពមនុស្សធម៌សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោនិងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានចុះធ្វើសកម្មភាព ពិនិត្យនិងព្យាបាលជម្ងឺ ដោយ ឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវនេះ។ លោកថា ជាងនេះទៅទៀត រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ពីជីវភាពប្រជាពលរដ្ឋ កម្មករកម្មការិនី តាមរយៈបញ្ជុះតម្លៃ សេវាសាធារណៈ បញ្ចុះតម្លៃទឹកភ្លឺង និងថ្លៃផ្ទះជួលមិនអោយតមម្លើងថ្លៃ។

ប្រជាពលរដ្ឋដែលបានទទួលសេវាពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃ បានបង្ហាញអារម្មណ៍រីករាយ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោដែលបានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅក្នុង ពេលនេះ និងសូមគោរពថ្លែងអំណរគុណ ចំពោះសកម្មភាពដ៍ប្រពៃថ្លៃថ្លា របស់ក្រុមគ្រូពេទ្យដែលនេះ សរបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់គិតគូ ពីសុខទុក្ខនិងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

យោងតាមរបាយការណ៍របស់គ្រូពេទ្យ បានឲ្យដឹងថា ការពិនិត្យ និងព្យាបាលជូន ប្រជាពលរដ្ឋឥតគិតថ្លៃ នៅក្នុងសង្កាត់ទួលសង្កែ នៅពេលនេះ បានពិនិត្យ ព្យាបាលជម្ងឺទូទៅបាន ចំនួន៧០២នាក់ ពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់កបានចំនួន១៣០នាក់ ពិនិត្យស្ត្រីដែលមានផ្ទៃពោះ និងព្យាបាលរោគស្រ្តីបានចំនួន១៩៤នាក់ វះកាត់តូចបានចំនួន១៩នាក់ ព្យាបាលជម្ងឺមាត់ធ្មេញបានចំនួន១០៨នាក់ ពិនិត្យភ្នែកបានចំនួន ៣០នាក់ និងបញ្ជូនអ្នកជំងឺ មកព្យាបាលបន្តចំនួន១៥នាក់ ព្យាបាលឬសដូងបាត ចំនួន៣០នាក់ ពិនិត្យឈាម៤០នាក់ សរុបទាំងអស់ចំនួន១,២៦៨នាក់៕